សិល្បៈជាតិ៖ តាមរយៈការប្រកួត Mister Grand International 2022 នៅប្រទេស TRINIDAD AND TOBAGO (ទ្វីបអាមេរិចខាងត្បូង) បុរស​ឯកដ៏អស្ចារ្យតំណាងកម្ពុជា លោក យូ ថូនវណ្ណៈ Mister Grand Cambodia 2022 លើកយកឈុត​ «ស្បែក​ធំ​» ជាឈុតតំណាងជាតិ។

ផ្អែកលើការបង្ហោះជាផ្លូវការរបស់ Mister Grand Cambodia 2022 យូ ថូនវណ្ណៈ បានឱ្យដឹងថា ឈុតតំណាងជាតិដែលបង្ហាញពីសិល្បៈល្ខោនស្បែកធំខ្មែរ បានជាប់ចំណាត់ថ្នាក់ល្អនៅក្នុង Top10 កម្មវិធី Mister Grand International 2022 ដែលជាឈុតតំណាងជាតិល្អដាច់គ្នាទាំង ១០។ ប៉ុន្តែគេនៅរង់ចាំមើលថា តើឈុតតំណាងជាតិរបស់ប្រទេសណាមួយនឹងបានជយលាភីលេខ១ នៅថ្ងៃផ្ដាច់ព្រ័ត្រ។

សូមជម្រាបថា ឈុត​តំណាង​ជាតិ ​«ស្បែក​ធំ​» រចនាម៉ូដឡើងដោយលោក ជួប វិចិត្រ ហៅ ស្ករគ្រាប់ ដោយលោកមានគោលបំណងចង់ឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីសិល្បៈល្ខោនស្បែកធំខ្មែរ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ដោយឡែកល្ខោនស្រមោលស្បែកធំរបស់ខ្មែរ មាននៅក្នុងទឹកដីប្រទេសកម្ពុជាតាំងពីសតវត្សរ៍ទី១ មកម្លេះ​ ដែលត្រូវបានសាកលលោកទទួលស្គាល់ និងឱ្យតម្លៃជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកលើបេតិកភណ្ឌបញ្ចេញសំឡេងអរូបី មនុស្សជាតិនៅក្នុងឆ្នាំ ២០០៥ នៃអង្គការយូណេស្កូ។

តាមរយៈការបបង្ហាញឈុត​តំណាង​ជាតិ ​«ស្បែក​ធំ​» គេមើលឃើញថាបានបង្ហាញពីតួអង្គ ២ ក្នុងរឿងរាមកេរ្តិ៍ គឺតួអង្គព្រះរាម និងតួអង្គទសក័ណ្ឋ។ ដោយតួទាំង២អង្គនេះទ្រង់គ្រឿងពណ៌បៃតង និងជាពិសេសការរចនាម៉ូដបន្ថែមដោយរំលេចទឹកមាស ដើម្បីឱ្យឈុតក៏តែមើលទៅអស្ចារ្យទាក់ភ្នែកតែម្ដង៕

Share.