សិល្បជាតិ៖ ថ្មីៗនេះគេមើលឃើញថា តារាចម្រៀង សួស វីសា ដើរបញ្ច្រាស់ការណែនាំរបស់ពេទ្យក្នុងការព្យាបាលជំងឺបំពង់ក ដោយកញ្ញាងាកមកកាន់ក្បាលមេក្រូឡើងវិញ និងបញ្ចេញចម្រៀងថ្មីមួយទៀតដែលផ្ដោតអត្ថន័យឌឺដងឱ្យអ្នករិះគន់ថា អ្នកនាងស្ងប់ស្ងាត់ទៅមុខលែងរួចជាដើម។

តារាចម្រៀងស្រីរូបនេះទើបតែបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « I’m Back » ជាបទចម្រៀងរ៉េប មានអត្ថន័យឌឺដងដល់អ្នករិះគន់ថាអ្នកនាងធ្លាប់ប្រជាប្រិយ ស្ងប់ស្ងាត់លែងមានអ្វីប្លែក ទៅមុខលែងរួច ជាដើម។ ប៉ុន្តែអ្នកនាងបានច្រៀងរ៉េបបោះសម្ដីវិញថា ពួកគេ​មាន​លុយ​បង់​អង្ការឬនៅ? ដែលនេះគឺជាយុទ្ធសាស្ត្រថ្មីក្នុងការស្ដារមុខមាត់ឱ្យងើបឡើងវិញក្នុងវិស័យបទចម្រៀងសព្វថ្ងៃនេះ។

ចាប់តាំងពីត្រឡប់ពីព្យាបាលនៅប្រទេសថៃមក អ្នកនាងសួស វីសា គេមើលឃើញថា បានចេញច្រៀងសម្ដែងជាប់ៗគ្នាឡើងវិញតាំងពីថ្ងៃទី១៨ ដល់២០វិច្ឆិកា ពោ​លគឺក្រោយ​ពេល​នាងទៅជួបពេទ្យថៃតែ៣ថ្ងៃប៉ុណ្ណោះ។ ហាក់ដូចដើរបញ្ច្រាស់ពីការណែនាំរបស់ពេទ្យថៃ ដែលហាមអ្នកនាងមិនឱ្យប្រើប្រាស់សំឡេងច្រើន ក្នុងអំឡុងពេលព្យាបាលជំងឺបំពង់កដែលមិនទាន់ជាសះស្បើយ។ ប៉ុន្តែមានការលើកឡើងទៀតថា សួស វីសា ប្រហែលជាសះស្បើយបន្តិចហើយ ទើបហ៊ានវិលមកកាន់ក្បាលមេក្រូបែបនេះ។

ប្រហែលជា សួស វីសា មិនអាចអូសបន្លាយពេលឱ្យកាន់តែយូរទៀតបានទេ ព្រោះបើបណ្ដោយឱ្យស្ងាត់យូរ គេហ៊ាននិយាយថា ប្រជាប្រិយភាពរបស់អ្នកនាងនឹងត្រូវក្មេងៗជំនាន់ក្រោយស្រវ៉ាអស់។ តាំងពីអំឡុងពេលកូវិដ១៩ ឆ្នាំ ២០២១ អ្នកនាងមិនបានចេញមុខច្រៀងតាមកម្មវិធីជាច្រើន ហើយងាកមកចាប់អាជីពលក់នៅលើអនឡាញន៍ រហូតធ្វើឱ្យមានការប៉ះពាល់ដល់បំពង់សំឡេង ដោយសារតែការប្រឹងស្រែកលក់ខ្លាំងពេក។

យ៉ាងណាមិញ អ្នកគាំទ្ររំពឹងថា ទោះជាស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ពួកគេចង់ឃើញអ្នកនាងព្យាបាលជំងឺខ្លួនឱ្យជាសះស្បើយសិន ដោយមានសំឡេងច្រៀងពិរោះដូចមុន។

សូមទស្សនាវីដេអូនេះ ៖

Share.