អ៊ុយក្រែនបានសន្យាផ្ដល់ទីជម្រកបណ្ដោះអាសន្ន ដោយផ្ដល់កំដៅ និង ទឹក ហើយបានលើកទឹកចិត្តប្រជាជនរបស់ខ្លួនឲ្យសន្សំសំចៃថាមពល ខណៈរដូវរងាដ៏អាក្រក់មួយបានកើតឡើងចំពេលដែលរុស្ស៊ីបើកការវាយប្រហារឥតឈប់ឈរ បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃ ពុធ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា «មជ្ឈមណ្ឌលបណ្ដោះអាសន្ន» ពិសេសនឹងត្រូវបានបង្កើតឡើងនៅជុំវិញប្រទេស ដើម្បីផ្ដល់អគ្គិសនី កំដៅ ទឹក អ៉ឺនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត ឱសថស្ថាន ដោយមិនគិតថ្លៃ និង បម្រើការជូន ២៤ម៉ោង។ លោកបន្ថែមថា «ការវាយប្រហារដ៏ធំរបស់រុស្ស៊ីបានផ្ដាច់ថាមពលអស់រយៈពេលយូរ បច្ចុប្បន្នមនុស្ស ១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ដោយប្រតិបត្តិករបណ្ដាញអគ្គិសនីជាតិរបស់អ៊ុយក្រែន បានបញ្ជាក់ថា ការខូចខាតគឺមានច្រើនខ្លាំងណាស់»។

លោក Zelensky បានបន្ដទៀតថា «ប្រសិនបើការវាយប្រហារដ៏ធំរបស់រុស្ស៊ីកើតឡើងម្ដងទៀត ហើយថាមពលច្បាស់លាស់នឹងមិនត្រូវបានស្ដារឡើងវិញក្នុងរយៈពេលជាច្រើនម៉ោងនោះ មជ្ឈមណ្ឌលបណ្ដោះអាសន្ន ឬ ហៅថា Invincibility Centers និង ដំណើរការជាមួយនឹងសេវាកម្មសំខាន់ៗទាំងអស់ដូចបានរៀបរាប់នៅខាងលើ»។

ទន្ទឹមនោះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅសប្ដាហ៍នេះថា ម៉ាស៊ីនភ្លើងប្រហែល ៨,៥០០គ្រឿង កំពុងត្រូវបាននាំចូលទៅកាន់ប្រទេសអ៊ុយក្រែនជារៀងរាល់ថ្ងៃ ដើម្បីបំពេញការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាជន។

ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរបានព្រមានអំពីការកាត់ផ្ដាច់ចរន្ដអគ្គិសនីដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់រហូតដល់ចុងខែ មីនា ឆ្នាំ២០២៣ ដែលជាផលប៉ះពាល់ចុងក្រោយបំផុត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេស អ៊ុយក្រែន រយៈពេល ៩ខែកន្លងមកនេះ ដោយសម្លាប់មនុស្សរាប់ម៉ឺននាក់ និង បំផ្លាញសេដ្ឋកិច្ចពិភពលោក៕

ប្រភព៖ The Straits Times

Share.