ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្ត្រីជនសង្ស័យឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ អ្នកលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរករណី ទារលុយមិនបានគប់បំបែកកញ្ចក់រថយន្ត។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២២នៅចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តមានឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីប្រាក់ជនសង្ស័យចំនួន ១៥០០ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប ចំនួន២១០០ដុល្លារ តែជនរងគ្រោះមិនបានសងប្រាក់ទៅជនសង្ស័យវិញទេ។ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ជនសង្ស័យបានទៅផ្ទះជនរងគ្រោះ ដើម្បីទារប្រាក់ដែលជនរងគ្រោះជំពាក់ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏យកដុំថ្មគប់ទៅលើរថយន្តម៉ាក Toyota Land Cruiser ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឱ្យបែកកញ្ចក់ខាងក្រោយ និងក្រពឹតទ្វារក្រោយខាងឆ្វេង ហើយបន្តគប់រថយន្តជនរងគ្រោះ ១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AJ-5584 បណ្តាលឲ្យកំពិតទ្វារមុខ និងក្រោយខាងស្តាំ៕

អត្ថបទ៖ចតុមុខ

Share.