បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោមការដឹកនាំរបស់លោក Hervé Renard បាន​យកឈ្នះ​​អា​ហ្ស​ង់​ទី​ន ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ក្នុងការប្រកួតបើកឆាកពូល C ជាមួយលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic កាលពីល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា។

ក្នុងនោះព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud បាន​ប្រកាសថាថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​១​ថ្ងៃ សម្រាប់ប្រជាជនអា​រ៉ា​ប៊ី​សា​អូឌីតទាំងមូល ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup 2022។

ខណ:សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិអារ់ាប៊ីសាអូឌីត នឹងទទួលបានរថយន្តដ៏ទំនើបសេរីចុងក្រោយបង្អស់គឺ Rolls Royce Phantom 2022 ម្នាក់១គ្រឿងដែលមានតម្លៃ៥៥មុឺនដុល្លារពីព្រះអង្គម្ចាស់ Mohammed bin Salman (MbS)។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសអារ៉ាប៊ីសាអ៊ូឌីត លើអាហ្សង់ទីន បន្ទាប់ពីធ្លាប់ជួបគ្នា២លើក​គឺ​នៅ​ឆ្នាំ​១៩៩២​ និង​២០១២។ ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយ​កាល​នោះ​​អាហ្សង់ទីន​បាន​យក​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយ​ជា​ម្ចាស់​ជើងឯក។ រហូត​ដល់​ឆ្នាំ​២០១២ ​ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មិត្តភាព ដោយ​លទ្ធផល​បញ្ចប់​ទៅ​ ០-០។

គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ៕

Share.