សិល្បៈជាតិ៖ ដើម្បីអបអរទិវាបេតិកណ្ឌលើកទី៥ ឆ្នាំ២០២២ និងខួបនៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌពិភពលោក នោះគេមើលឃើញថា មានព្រឹត្តិការណ៍សម្ដែងល្ខោនខោលខ្មែរសំខាន់ៗជាច្រើនទម្រង់ និងទីតាំងផ្សេងៗគ្នា កំពុងរៀបចំឡើងយ៉ាងអស្ចារ្យមិនធ្លាប់មានពីមុន ដែលនេះជាគំនិតបំផុសឡើងជាការលើកស្ទួយផ្សព្វផ្សាយពីទម្រង់សិល្បៈល្ខោនខោលខ្មែរ។

គ្រាន់តែចំណាយពេល ៣ ថ្ងៃដើម្បីល្ខោនខោលខ្មែរ ថ្ងៃនេះត្រយងនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាព្រឹត្តិការណ៍សម្ដែងល្ខោនខោលទាំងអស់នៅក្នុងរាជធានីភ្នំពេញ តើមានទីតាំងសម្ដែងនៅកន្លែងណាខ្លះនោះ តោះមកតាមដានទាំងអស់គ្នា៖

1-ទៅទស្សនាការសម្ដែងល្ខោនខោល «ឈុតត្រីមេឃ»

ដើម្បីអបអរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបិយនៃមនុស្សជាតិ ក្រុមសិល្ប:យុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីបានរៀបចំការសម្តែងទស្សនីយភាព សិល្បៈ ល្ខោនខោល និងរបាំបុរាណ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍សម្ដែងនេះ ដឹកនាំដោយ លោកគ្រូ ហង់ ភូមិរ៉ា ហៅ យាយកន្តែរ៉ែ បានរៀបចំការសម្តែងល្ខោនខោលដែលដកស្រង់ត្រង់ឈុត ត្រីមេឃ ក្នុងរឿងរាមកេរ្តិ៍ ក្នុងគោលបំណងដើម្បីអបអរសាទរនៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ និងដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ ជាពិសេសយុវជនឱ្យបានយល់ដឹង និងស្គាល់កាន់តែច្បាស់ពីល្ខោនខោល និងផ្សព្វផ្សាយបន្តឱ្យបរទេសបានស្គាល់ពីសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ការសម្ដែងមានការចូលរួមពីសិល្បករ សិល្បការិនីដល់ទៅ ១៥០ នាក់ ដូច្នោះកុំឱ្យឱកាសសម្ដែងល្ខោនខោលទម្រង់នេះ កន្លងផុតពីខ្សែចក្ខុរបស់អស់លោកអ្នក។

2- ចូលរួមព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ២០២២នៅកោះពេជ្រ

ព្រឹត្តិការណ៍ល្ខោនខោលដ៏អស្ចារ្យ ២០២២ គឺមានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ជាពិសេសមានការសម្ដែងល្ខោនខោលខ្មែរ និងមានការចូលរួមពីតារាល្បីៗជាច្រើនរូបតែម្ដង។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសាលាមហោស្រពកោះពេជ្រ។

ព្រឹត្តិការណ៍ឆ្នាំ២០២២នេះ នឹងរៀបចំការសម្តែងល្ខោនខោលដកស្រង់ត្រង់ឈុត ចម្បាំងក្រុងរាពណ៍ រយៈពេល ១ម៉ោង ដោយមានយុវជនចំនួន ១០០នាក់។ ចំណែកការចូលរួមដើម្បីចូលទស្សនា គឺតម្រូវឱ្យទិញសំបុត្រដែលមានចាប់ពីតម្លៃ ២ម៉ឺន ដល់ ៦ម៉ឺនរៀល។

3-ការសម្ដែងល្ខោនខោលវត្តស្វាយអណ្តែត

តាមការប្រកាសជាផ្លូវការ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០២២ វត្តស្វាយអណ្តែតនិងមានការបើកពិធីរំលឹកខួបល្ខោនខោលវត្តស្វាយអណ្តែតដែលដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក។ នៅក្នុងនោះក៏មានការសម្តែងជាសាច់រឿងរាមកេរ្តិ៍ ឈុត ភិភេកព្រាត់លាំងការ ឱ្យមហាជនបានទស្សនាទៀតផង។

សូមជម្រាបដែរថា ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប៉ីដងវែងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ល្ខោនស្រមោលស្បែកធំ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងរបាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕

Share.