សិល្បៈ​ជាតិ​៖ អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​ជា​គោលការណ៍​ ឱ្យ​រៀបចំ​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​ នៅ​រមណីដ្ឋាន​អង្គរ​ អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​ទទួល​បាន​សេចក្ដី​ណែនាំ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​កំពុង​ត្រៀម​​​​​យ៉ាង​សកម្មជា​ទី​បំផុត​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​។

ឆ្លើយ​ឆ្លង​ជាមួយ​នឹង​​អ្នក​សារព័ត៌មាន​ត្រយង​ តាមប្រព័ន្ធ​ទូរស័ព្ទ​ លោក​ ឡុង កុសល​​ ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ពី​គោល​បំណង​សំខាន់​ៗ​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំ​ឆ្នាំ​ រំលឹក​គុណ​អង្គរ​នេះ​ថា៖ «ជា​កម្មវិធី​មួយ​​ប្រព្រឹត្ត​ឡើង​ដើម្បី​រំលឹក​ដល់​បុព្វការីជន​ខ្មែរ​គ្រប់​ជំនាន់ ទាំង​អតីត​ព្រះមហាក្សត្រ​ មហាក្សត្រីយ៉ានី និង​មន្ត្រី​ អ្នក​មុខ​អ្នក​ការ​គ្រប់​ជំនាន់ ដែល​បាន​កសាង​ ​បាន​ថែទាំ ​បាន​ជួសជុល បាន​ថែរក្សាការពារ ឱ្យ​អង្គរ​គង់​វង្ស​ដល់​សព្វថ្ងៃ​។

លើស​ពី​នេះ​ទៀត​ព្រឹត្តិការណ៍​នេះ​ក៏​មាន​គោល​បំណង​ចង់​រក្សា​ភាព​ស័ក្ដិសិទ្ធិ​របស់​អង្គ​រ​ ដែល​ប្រជាជន​ទាំងខ្មែរ និង​ បរទេស​តែង​តែ​សក្ការៈបូជា និង​បន់ស្រន់​សុំ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​។ ​លោក​ ឡុង​ កុសល ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា «​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ ក៏​ដើម្បី​បំផុស​ចលនា​ចូលរួម​ថែរក្សា​អង្គរ​ ជៀសវាង​ការ​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ក្ដី ឬដោយ​ធម្មជាតិ​ក្ដី​ តាម​រយៈ​ការ​ស្វែង​យល់​ពីការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋបាន​យល់​ជ្រាប​ច្បាស់​អ្វី ​គឺជា​បញ្ហាប្រឈម​ចំពោះ​បេតិកភណ្ឌ​អង្គរ​។ មួយ​វិញ​ទៀត​អាជ្ញាធរ​អប្សរា​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​​នឹង​​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្ដង​មក​ទស្សនា​អង្គរ​វត្ត​។

យ៉ាង​ណា​មិញ​អ្នក​នាំ​ពាក្យ​ក្រសួងវប្បធម៌​រូប​នេះ​ក៏​បាន​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​សារ​មួយ​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ពាក្យ​ស្លោក «អរគុណ​សន្តិភាព​» របស់​រាជរដ្ឋាភិបាល​ដែល​ខំប្រឹងប្រែង​ទប់​ស្កាត់​មិន​ឱ្យ​មាន​សង្គ្រាម​ និង​មាន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​យ៉ាង​ពេញលេញ​ ប្រកបដោយ​ភាព​​ល្អ​ប្រសើរ​ និង​ រីក​ចម្រើន​។

មហាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​​នឹង​រៀបចំ​ពិធី​បុណ្យសាសនា​មួយ​ដ៏​ធំ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ​មាន​កម្មវិធី​សាសនា​ កម្មវិធី​រាប់បាតព្រះសង្ឃ​ជា​ច្រើន​រយ​អង្គ​ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​ ក៏​មាន​ការ​សម្ដែង​សិល្បៈ​និង​ទស្សនីយភាព​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​បេតិកភណ្ឌ​អរូបី ​ដែល​កម្ពុជា​បាន​ចុះ​បញ្ជី​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចរាល់​ នៅ​ទីតាំង​ក្រោយ​ប្រាសាទ​អង្គរ​វត្ត​ ហើយ​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី​ (មិន​គិត​ប្រាក់)។

ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ ក៏​មាន​ការ​តាំង​​ព័រណ៍​សមិទ្ធិផល​របស់​អាជ្ញាធរជាតិ​អប្សរា និងអញ្ជើញ​ពលរដ្ឋ​ចុះ​ពិនិត្យ​ការងារ​ផ្សេងៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ខណៈ​ដែល​ពេល​ល្ងាច​ក៏​មាន​ការ​សម្ដែង​អាយ៉ៃ​របស់​វីរៈ​សិល្បករ​អាយ៉ៃ​ ព្រហ្ម​ម៉ាញ ក៏អាច​ចូលទស្សនា​កម្សាន្ត​ដោយ​មិន​គិត​ប្រាក់​ដូច​គ្នា​។ សម្រាប់​ថ្ងៃ​ទី​១៦ ក្រៅ​ពី​មាន​ការ​តាំង​ព័រណ៍​ហើយ​នោះ​ ក៏​នឹង​មាន​ការ​រៀបចំ​ពិធី​ជប់លាង លាង​សាយភោជន៍ ដើម្បី​ប្រមូល​ថវិការ​ជួយ​ទ្រទ្រង់​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

កម្មវិធីបុណ្យ​ ​រំលឹក​គុណ​អង្គរ​ គឺជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​ដែល​នឹង​រៀបចំ​​រយៈ​ពេល ​៣​ថ្ងៃពេញ​ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ​ ​ជារៀង​រាល់​ឆ្នាំ​ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០២២នេះ ​ជា​ឆ្នាំ​ដំបូង​៕

Share.