ឯកឧត្តម​ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអះអាងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច។ ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម និងសម្ដេចតេជោ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា និងត្រូវបានចេញផ្សាយក្នុងសេចក្ដិប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ។

បើតាមក្រសួងការបរទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថាប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។ ចំណែកឯកឧត្តម ហ្គ្រឺហ្គូរី មីក វិញក៏បានកោតសរសើរ​សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ប្រធានបទនៃកិច្ចពិភាក្សានោះ រួមមានទាំងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កង្វល់អាមេរិកចំពោះមូលដ្ឋានកងទ័ពជើងទឹករាម បញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរុស្សី និងអ៊ុយក្រែន និងបញ្ហាទាក់ទំងក្របខណ្ឌអាស៊ានដែលកម្ពុជាធ្វើជាប្រធាននាឆ្នាំ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ និងបានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ៕

Share.