កញ្ញា អ៊ឹម រចនា អតីតនិពន្ធនាយករងវិទ្យុបារាំងអន្តរជាតិ RFI ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមព្រះរាជក្រឹត្យដដែល កញ្ញា អ៊ឹម រចនា ស្ថិតក្នុងចំណោមមន្រ្តីនយោបាយ៦រូបទៀត​ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងនៅក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងនោះឯកឧត្តម គង់ ច័ន្ទវាសនា ត្រូវបានតែងតាំជារដ្ឋលេខាធិការ ហើយឯកឧត្តម ប៊ិន ប៊ុនឆិល លោកជំទាវ ហ៊ូ សុពណ៌ និងឯកឧត្តម ផេង គឹមស្រ៊ុន ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា ក្រោយលាឈប់ពីវិទ្យុបារាំងអន្តរជាតិ RFI កញ្ញា អ៊ឹម រចនា បានបង្ហាញវត្តមានជាអ្នកសម្របសម្រួលពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន។ បន្ទាប់មក កញ្ញាត្រូវបានឯកឧត្តម ឌិត ទីណា ដែលជារដ្ឋមន្រ្តីថ្មី ចេញសេចក្តីសម្រេចតែងតាំងជាមន្ត្រីខុទ្ទកាល័យ៕

Share.