ក្លិប​បាល់ទាត់ អាយ.អេស.អាយ ដង្កោសែនជ័យ បាន​​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ម្ចាស់​កីឡាករ​ឆ្នើម​ប្រចាំ (MVP) ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup Cup) ឆ្នាំ​២០១៩ គឺ​ខ្សែ​បម្រើ​កណ្តាល ហួយ ផល្លីន ក្រោយ​ខ្ចី​ជើង​ពី​ក្រុម​ព្រះខ័នរាជស្វាយរៀង មួយ​រយៈ​ខ្លី​មក។

បើ​តាម​សំណេរ​របស់​ក្រុម​ជើង​ឯក​រង​ពានរង្វាន់ Cambodian League 2 រដូវកាល​ឆ្នាំ​២០២២ នេះ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​ថា៖«ក្លិប​ សូម​ថ្លែង​អំណរ​គុណ​ទៅ​កាន់​កីឡាករ ហួយ ផល្លីន សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លិប​របស់​យើង​កន្លង​មក​ ។ ក្លិប​សូម​ជូនពរ ផល្លីន ពេល​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង វិញ សូម​ជួប​តែ​សំណាង​ល្អ និង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីពនាថ្ងៃអនាគត»។

ក្នុង​ចំណោម​គ្រាប់​បាល់​៥៥០គ្រាប់​នៅ​រដូវកាល​ឆ្នាំ​២០២២ នេះ​នៃ​ពានរង្វាន់​លីគ​ទី២​កម្ពុជា ​កីឡាករ ហួយ ផល្លីន រក​បាន​២គ្រាប់​​អំឡុង​ពេល​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម អាយ.អេស.អាយ ស្រប​ពេល​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ជើង​ឯក​រង​ផងដែរ។ ​នៅ​ក្នុង​ពានរង្វាន់ Hun Sen Cup រដូវកាល​២០២២ ក្រុម​មួយ​នេះ​ឡើង​ដល់​វគ្គ​​១៦ក្រុម​ចុងក្រោយ​ជើង​ឯក​ថ្នាក់​ជាតិ ខណៈ​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 ក្រុម​បាន​​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល។

សម្រាប់​កីឡាករ ហួយ ផល្លីន ត្រូវ​បាន​ក្លិប​ព្រះខ័នរាជស្វាយរៀង ចុះ​បញ្ជី​ចូល​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣ ខណៈ​នៅ​គ្រា​នោះ​ក៏​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​​ធ្លាប់​ជួយ​ព្រះខ័នរាជស្វាយរៀង ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៣ និង​២០១៩ និង​ពានរង្វាន់ Hun Sen Cup នៅ​ឆ្នាំ​២០១៥​និង​២០១៧ ផង​ដែរ។ នៅ​ឆ្នាំ​២០១៩ រូប​គេ​ត្រូវ​ជ្រើសរើស​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ Hun Sen Cup ទៀត​ផង៕

Share.