កណ្តាល៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប៉ងប្រើហិង្សាយករណាទឹកកក​ពួនកាប់លើជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២១:៥០នាទី ត្រង់ចំណុចក្នុងក្រុមហ៊ុន 7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ធី វ៉ាន់ថា ហៅ វែង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ធ្វើតេស្តទឹកនោមមានសារធាតុញៀន។ ទី២.ឈ្មោះ ហេង ដារ៉ូ ហៅ វ៉ែនតា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ធ្វើតេស្តទឹកនោមមានសារធាតុញៀន។ ចំពោះវត្ថុតាងចាប់យកបានមាន រណារ អារទឹកកកធ្វើពីដែក ដងដែក ចំនួន០២។

តាមប្រភពព័ត៌មានបានឲ្យដឹងថា  កន្លងមកជនសង្ស័យទាំងពីរនាក់ ប្រើប្រាស់សារធាតុញៀនប្រភេទម៉ាទឹកកក រហូតដល់សព្វថ្ងៃនេះហើយបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានជួលផ្ទះ ស្នាក់នៅក្នងក្រុមហ៊ុន 7NG ជាមួយឪពុកម្តាយនិងប្រពន្ធ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ចយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសន្លុង និងឈ្មោះ វីត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែកលួង ឃុំព្រែកលួង បានស្ទាក់កាប់ជនសង្ស័យទាំងពីរនាក់ បណ្តាលឲ្យមានរបួសស្នាម តែជនសង្ស័យទាំងពីរនាក់ មិនបានប្តឹងសមត្ថកិច្ចទេ។

លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី ជនសង្ស័យទាំងពីរនាក់ ឃើញឈ្មោះ ចយ ជិះម៉ូតូជាមួយឈ្មោះ ចិន សំដៅឃុំព្រែកលួង បន្ទាប់មកជនសង្ស័យទាំងពីរនាក់ លួចយករណារអារទឹកកកពីផ្ទះឈ្មោះ ផេន និងផ្ទះមួយទៀតមិនស្គាល់ឈ្មោះ ហើយជិះម៉ូតូទៅពួនចាំកាប់ឈ្មោះ ចយ នៅម្តុំរោងចក្រទី១០ ក្នុងក្រុមហ៊ុន 7NG ដល់ម៉ោង២១:៥០នាទី សន្តិសុខក្រុមហ៊ុន 7NG បានជិះម៉ូតូល្បាត ក៏ឃើញជនសង្ស័យទាំងពីរនាក់ មានកាន់រណារអារទឹកកក ក៏ឃាត់សួរនាំរួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ កម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាស្ទាក់ចាំកាប់ឈ្មោះ ចយ ប្រាកដមែន ទើបសមត្ថកិច្ចឃាត់ខ្លួន បន្តអនុវត្តនីតិវិធី៕

អត្ថបទ៖ ខេត្តកណ្តាល

Share.