សត្វសុនខ ឬឆ្កែ មានសមត្ថភាពអាចហិតក្លិនលើសពីមនុស្សរហូតដល់ជាង៤០លានដង និងមានសត្ថភាពហិតស្វែងរកមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលើសពីបណ្ដាសត្វផ្សេងទៀត រួមទាំងកណ្ដុរ។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ត្រី សួស សុម៉ាលី ប្រធានការិយាល័យហ្វឹកហ្វឺនសុនខ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC។

ថ្លែងប្រាប់សារព័ត៌មានត្រយងកាលពីពេលថ្មីៗនេះ លោកស្រីឧត្តមសេនីយ៍ត្រី បានឱ្យដឹងថាបច្ចុប្បន្ន សុនខកម្ពុជាមានជំនាញកាន់តែច្រើន។ ក្រៅពីជំនាញរកមីន (ខ្សែខ្លី ខ្សែវែង) និងហិតរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សុនខ​CMAC​ ត្រូវបានបង្វឹកឱ្យចេះហិតរកគ្រឿងញៀន ប្រខាំ ចាំផ្ទះ នាំផ្លូវ និងហិតរកមេរោគកូវីដ-១៩ជាដើម។

នៅពេលនិយាយដល់ការបង្វឹកសុនខ មន្រ្តីមានបទពិសោធន៍ជាង២០ឆ្នាំរូបនេះ បានអះអាងថា «បើកូនសុនខ គាត់ចូលចិត្តការលួងលោម ស្រ្តីយើងមានភាពទន់ភ្លន់ជាងបុរស ដោយសារកាយសម្បទានិងកម្លាំងទន់ជ្រាយជាង អ៊ីចឹងយើងហ្វឹកហ្វឺនកូនសុនខមានប្រសិទ្ធភាពជាង បុរសពេលខ្លះគាត់ប្រើពាក្យបញ្ជា ឬប្រើភាសាបច្ចេកទេសដាក់កំហិតវាពេក»។

លោកស្រីឧត្តមសេនីយ៍ត្រី ក៏បានចែករំលែកបទពិសោធន៍បង្វឹកសុនខឱ្យដឹងទៀតថា ប្រសិនបើសុនខខ្លាចអ្នកបង្វឹក នោះការហ្វឹកហ្វឺនអាចទទួលបរាជ័យ និងបន្តថា«បើវាខ្លាច ធ្វើអីអត់កើតទេ តែស្រ្តីយើងបង្វឹកវិញ យើងមានភាពទន់ជ្រាយ គេហៅថាទន់ក្នុងរឹង អ៊ីចឹងធ្វើឱ្យការបង្វឹកកូនសុនខបានឈានទៅទទួលជោគជ័យជាងបុរស»។

សូមបញ្ជាក់ថា​កម្ពុជា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជន​ពិការ​ដោយសារមីន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ចំនួន​ជាង​៤​ម៉ឺន​នាក់។ ក្រៅពីសុនខ នៅកម្ពុជាក៏មានសត្វកណ្ដុររបស់អង្គការAPOPOដែលមានសមត្ថភាពអាចហិតស្វែងរកគ្រាប់យុទ្ធភណ្ឌមានរំសេវ រួមនិងមីនផងដែរ៕

Share.