សិល្បៈជាតិ៖ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស លោក គង់ ចំរើន ហ៊ានសារភាពត្រង់ៗមិនលាក់លៀមអំពីទំនាក់ទំនងស្អិតរមួតជាមួយកីឡាករប្រដាល់ល្បីឈ្មោះ ឡៅ ចន្ទ្រា ឱ្យអ្នកគាំទ្របានដឹង។ ការទម្លាយនេះ បន្ទាប់ពីលោកបានឡើងច្រៀងនៅក្នុងកម្មវិធី The Wall Song Cambodia របស់ស្ថានីយទូរទស្សន៍ PNN។

មហាជនអ្នកតាមដានទស្សនាឆ្ងល់គ្រប់គ្នាថា ជាធម្មតាតារាអាថ៌កំបាំងនៅពីក្រោយជញ្ជាំងដែលត្រូវច្រៀងជាគូជាមួយតារាចម្រៀងកិត្តិយស លុះត្រាតែអ្នកនោះមានទំនាក់ទំនងស្គាល់គ្នាច្បាស់ ឬមានទំនងទំនងអ្វីគ្នា ទើបកម្មវិធីអាចនាំឱ្យពួកគេច្រៀងឆ្លើយឆ្លងគ្នាបាន ចុះហេតុអ្វីលើកនេះ ម្នាក់ជាតារាចម្រៀង រីឯម្នាក់ទៀតជាកីឡាករប្រដាល់ទៅវិញ? តើពួកគេមានទំនាក់ទំនងពិសេសអ្វីជាមួយនឹងគ្នាមែនទេ?

យ៉ាងណាមិញ នៅក្នុងសប្ដាហ៍ទី៣នៃកម្មវិធីនេះ គឺតម្រូវឱ្យកីឡករប្រដាល់ ឡៅ ចន្រ្ទា បកស្រាយបទចម្រៀងដែលមានចំណងជើងថា « ជម្ងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា » ជាមួយលោក គង់ ចំរើន។ កុំថាឡើយអ្នកទស្សនា សូម្បីតែតារាកិត្តិយសក៏នឹកស្មានមិនដល់ថា កីឡាករប្រដាល់រូបនេះមកកាន់ក្បាលមេក្រូ The Wall Song Cambodia បានដែរ។ ភាគច្រើនហ្វេនស្គាល់ថាលោក ឡៅ ចន្រ្ទា គឺជាកីឡាករប្រដាល់ល្បីឈ្មោះនៅក្នុងវិស័យកីឡាប្រដាល់ និងបានឆ្លងកាត់ជីវិតលំបាកច្រើនរាប់មិនអស់ ។ ប៉ុន្តែលើកនេះ តិចតួចណាស់ដែលបានដឹងថា កីឡកររូបនេះមានទឹកដមសម្លេងល្អ មិនចាញ់តារាចម្រៀងអាជីព។

កីឡាករប្រដាល់ ឡៅ ចន្ទ្រា

សម្រាប់ គង់ ចំរើន វិញ តាំងពីបើកឆាកច្រៀងដំបូង គឺលោកអាចទាយដឹងទៅហើយថាជាសំឡេងរបស់លោក ឡៅ ចន្ទ្រា។ ចុះតើពួកគេស្គាល់គ្នាតាំងពីពេលណា? តាមរយៈណា? តាមការបកស្រាយលោក ឡៅ ចន្ទ្រា លើកឡើងថា លោកពិតជាមានទំនាក់ទំនងស្គាល់ចិត្តថ្លើមគ្នាជាមួយលោក គង់ ចំរើន តាំងពីមិនទាន់ក្លាយជាតារាចម្រៀងល្បីឈ្មោះមកម្ល៉េះ។ ពេលខ្លះពួកយើងគឺមានឱកាសច្រៀងលេងជាមួយគ្នា ពេលកម្សាន្តជុំគ្នា។ លោក គង់ ចំរើន ក៏សារភាពប្រាប់ថា កីឡាករប្រដាល់រាងសង្ហារូបនេះ ជាមនុស្សដំបូងដែលជួយជ្រោមជ្រែងលោកនៅពេលឡើងមកប្រឡងចម្រៀងនៅភ្នំពេញ។

មែនទែនទៅ លោក គង់ ចំរើន ដែលជាអតីតបេក្ខជនដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X -Factor Cambodia រដូវកាលទី ១ ដែលពេលនោះលោកមិនទទួលបានពានរង្វាន់ទេ ប៉ុន្តែលោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាមួយសមត្ថភាពដ៏លេចធ្លោ និងទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោក។

តារាចម្រៀងប្រុសនៅផលិតកម្មហង្សមាសរូបនេះរំលឹកថា លោក ឡៅ ចន្ទ្រា ធ្លាប់ផ្ដល់កន្លែងឱ្យលោកស្នាក់នៅ ពេលដែលលោកឡើងមកប្រឡងចម្រៀងនៅភ្នំពេញ បើទោះបីជាបន្ទប់តូចចង្អៀត និងជាពិសេសស្របពេលដែលលោកព្យាយាមទាក់ទងសុំអ្នកដទៃដើម្បីសុំគេការស្នាក់នៅ តែគ្មានអ្នកណាអាចផ្ដល់ឱ្យលោកបាន។ លោកថា កីឡាករប្រដាល់ល្បីឈ្មោះនេះជាអ្នកដែលជួយដោះស្រាយលោកគ្រប់បញ្ហា សូម្បីតែពេលឈឺថ្កាត់ និងខ្វះខាតថវិកាជាដើម។

លោក គង់ ចំរើន

សូមជម្រាបថា ការជួបគ្នារវាងកីឡាករប្រដាល់ ឡៅ ចន្រ្ទា និងតារាចម្រៀងអាជីព គង់ ចំរើន នៅលើឆាក The Wall Song Cambodia គឹបានស្រាយឱ្យមហាជនដឹងពីទំនាក់ទំនងអ្នកទាំងពីរ ដែលហ្វេនមិនធ្លាប់ដឹងពីមុនសោះ។ លោក គង់ ចំរើន និងលោក ឡៅ ចន្ទ្រា សុទ្ធតែទទួលស្គាល់ថា បើទោះជាម្នាក់ជាតារាចម្រៀងល្បី ម្នាក់ទៀតជាកីឡាករប្រដាល់ ក៏ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងល្អនឹងគ្នា ជាមិត្តល្អ ជាបងប្អូនល្អមិនអាចបំភ្លេចបាន។

Share.