ព្រះមហាក្សត្រនៃប្រទេស ម៉ាឡេស៊ី បានសម្រេចតែងតាំង លោក Anwar Ibrahim បានក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយជាប់គាំងអស់ប៉ុន្មានថ្ងៃក្រោយបោះឆ្នោតសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ​ វិច្ឆិកា ឆ្នាំ ២០២២។

សេចក្ដីថ្លែងការណ៍ចេញដោយព្រះបរមរាជវាំងបាននិយាយថា ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះអង្គ Abdullah Sultan Ahmad Shah បានធ្វើការសម្រេចតែងតាំងលោក Anwar Ibrahim មេដឹកនាំគណបក្សប្រឆាំង វ័យ ៧៤ឆ្នាំ ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស បន្ទាប់ពីទ្រងជួបជាមួយអ្នកគ្រប់គ្រងផ្សេងទៀត នៅក្នុងកិច្ចប្រជុំពិសេសមួយ។ លោក Anwar ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ វេលាម៉ោង ៥នាទីល្ងាច។

លោក Anwar បានជួបឧបសគ្គម្ដងហើយម្ដងទៀត ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការបោះឆ្នោតសកលកាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន បានបញ្ចប់ទៅដោយសម្ព័ន្ធភាពធំៗទាំង២ ដែលគណបក្សមួយដឹកនាំដោយលោក Anwar និងគណបក្សមួយទៀត ដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី Muhyiddin Yassin មិនអាចទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលមួយបានទេនោះ។

សូមជម្រាបថា កាសែត The Straits Times បានចេញផ្សាយថា លោក Anwar ត្រូវបានបណ្ដេញចេញពីតំណែងជាឧបនាយករដ្ឋមន្រ្តីកាលពីឆ្នាំ ១៩៩៨ ចំពេលដែលមានការចោទប្រកាន់ដ៏ចម្រូងចម្រាសអំពីការរួមភេទជាមួយបុរសដូចគ្នា និងការរំលោភបំពានអំណាច ហើយបានជាប់ពន្ធនាគារកាលពីឆ្នាំ ១៩៩៩ ពីបទ អំពើពុករលួយ៕

ប្រភព៖ CNA & The Straits Times

Share.