សិល្បៈជាតិ៖ វីដេអូរបស់តារាចម្រៀងស្រី មាស នីតា ត្រូវកំឡោះសំបូរស្នេហ៍ ចឺម ថើបថ្ពាល់បែបលេងសើចនៅក្នុងកម្មវិធីជប់លៀងមួយ កំពុងមានការចែកចាយបង្ហោះពេញបណ្ដាញសង្គម ហ្វេសប៊ុក និង TikTok ក្រោមចំណងជើងថា៖ «​តើ មាស នី​តា ត្រូវជា​អ្វី​នឹង​នាយ​ចឺម បានជា​អោយ​គេ​ថើប​ស្រួល​ៗ​ម្ល៉េះ? នរណា​ដឹង​ប្រាប់​ផង​បាន​អត់​»​។ ក្នុងនោះមហាជនដាក់ការសង្ស័យចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ និងមានខ្លះទៀតរិះគន់ចំៗមិនសំចៃមាត់ដាក់ នីតា ដែលជាស្រីស្អាត។

បញ្ហានេះ ស្រីស្អាត មាស នីតា ឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយងថា ការពិតទៅគ្មានអ្វីគួរឱ្យសង្ស័យនោះទេ ព្រោះតាមរយៈវីដេអូនោះ ដូចបានឃើញហើយ មើលទៅគឺពួកយើងលេងសើចបែបធម្មតា​ដូចជាអ្នកស្គាល់គ្នា ឬជាបងនិងប្អូនតែប៉ុណ្ណោះ។ នីតា ឆ្លើយថា ៖ « រឿងនេះខ្ញុំទុកឱ្យមហាជនជាអ្នកយល់ឃើញទៅ ថាទំនាក់ទំនងខ្ញុំជាមួយបង ចឺម គឺបែបម៉េចទៅចុះ»។

បេក្ខនារីកូនពៅតែមួយគត់នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ រូបនេះ បានប្រាប់ទៀតថា វីដេអូនោះ គឺនៅពេលដែលកញ្ញាបានទៅជប់លៀងកម្មវិធីខួបកំណើតរបស់តារាសម្ដែងស្រី អាង សុជាតា ហើយក៏មានវត្តមានរបស់លោក ចឺម និងតារាសិល្បៈជាច្រើនទៀតបានចូលរួម។ ស្រីស្អាតរូបនេះបន្តថា កញ្ញាបានជួបនាយ ចឺម ដោយចៃដន្យ និងបានលេងសើចជាមួយគ្នា ទាំងមិននឹកស្មានថា វីដេអូនោះផ្ទុះនៅលើបណ្ដាញសង្គមដល់ថ្នាក់ហ្នឹង។

មាស នីតា លើកឡើងទៀតថា កញ្ញាស្គាល់គ្នាជាមួយនាយ ចឺម យូរគ្រាន់ដែរហើយ និងមិនឃើញមានអត្តចរិតព្រានដូចការលើឡើងរបស់មហាជនទេ។ នៅក្រៅនាយ ចឺម មានអត្តចរិតល្អគួរឱ្យរាប់អាន ហើយកញ្ញាចង់បញ្ជាក់ថា រឿងរ៉ាវទាំងអស់បើទះដៃម្ខាងគឺមិនឮនោះដែរ។ « បើសម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់ជាមនុស្សល្អ ហើយខុសពីអីដែលបងៗផ្សេងទៀតគាត់និយាយថា ព្រានអីចេះព្រានអីចុះ ប៉ុន្តែបើតាមខ្ញុំស្គាល់គាត់ គាត់មិនមែនអីចឹងផង។ គ្រាន់តែថាអីចេះបង យើងម្នាក់ៗគ្មានអ្នកណាចង់បែកពីមួយទៅមួយ ឬមានដៃគូច្រើនទេ ហើយមួយទៀត បើទះដៃម្ខាងគឺមិនលឺទេ។ …សម្រាប់ខ្ញុំគឺ គាត់មានអត្តចរិតល្អ»។

ស្រីស្អាតរូបនេះបានបញ្ជាក់បន្ថែមទៀតថា នាយ ចឺម មិនមានការបំពាន ឬកេងចំណេញក្នុងរូបភាពណាមួយលើរូបកញ្ញាឡើយ ក៏ប៉ុន្តែលោកគឺជាមនុស្សដែលគោរព និងឱ្យតម្លៃដល់កញ្ញា ទាំងដែលលោកមិនដែលមករញ៉េរញ៉ៃចំពោះរូបកញ្ញាម្ដងណាឡើយ។

ជារួម មាស នីតា ចង់ឱ្យមហាជនជាអ្នកគិត និងដាក់ពិន្ទុចំពោះរឿងនេះទៅចុះ ព្រោះថាកញ្ញាគ្មានអ្វីបកស្រាយឱ្យលើសពីនេះទៀតឡើយ៕

Share.