សិល្បៈជាតិ៖ តាមរយៈសន្និសីទសារព័ត៌មានជាផ្លូវការនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ ២០២២​នេះ បានលម្អិតឱ្យដឹងថា អ្នកស្រី Jacqueline Bhagavan កូនខ្មែរអាមេរិក វ័យ ៤៩ ឆ្នាំ បានក្លាយជាស្ត្រីតំណាង​ឱ្យកម្ពុជាដំបូងគេបង្អស់ទៅចូលរួមដណ្ដើមមកុដពីកម្មវិធីលំដាប់អន្តរជាតិ Mrs World 2022 បន្ទាប់ពីលោកស្រីបានបំពាក់ឈៀង និងមកុដជា Mrs Cambodia World 2022 រួចរាល់។ ការប្រកួតនៅលើវេទិការអន្តរជាតិនេះ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៦ -១៧ ខែធ្នូ ២០២២ ខាងមុខនេះ នៅទីក្រុង La Vegas សហរដ្ឋអាមេរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកស្រី Jacqueline Bhagavan បានរៀបរាប់យ៉ាងក្បោះក្បាយថា កន្លងមកអ្នកស្រីធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Mrs California ដែលជាស្ត្រីតំណាងឱ្យសហរដ្ឋអាមេរិក ទទួលបានចំណាត់ល្អ រហូតជាប់ដល់ Top នៃវគ្គចុងក្រោយថែមទៀត។ អ្នកស្រីមានជំនឿចិត្តយ៉ាងមុតមាំថា ក្នុងការប្រកួត Mrs World 2022 អាចលើកមុខមាត់ប្រទេសកម្ពុជា ចូលទៅកាន់វគ្គកំពូលៗបាន។ ក្រៅពីការទាំងចិត្ត កន្លងមកអ្នកស្រី ក៏បានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈការជួយសាងសង់សាលារៀននៅឯខេត្តបាត់ដំបង និងបានការងារសប្បុរសធម៌ជាច្រើនទៀត។

ស្ត្រីខ្មែរដែលមានដើមកំណើតនៅខេត្តប៉ៃលិនរូបនេះ បានបញ្ជាក់ពីគោលបំណងថា ការសម្រេចចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធី Mrs World 2022 ជាកម្មវិធីលំដាប់អន្តរជាតិ ក៏ព្រោះតែ អ្នកស្រីចង់បង្ហាញប្រាប់ពីពិភពលោកអំពីវិរៈភាពរបស់ស្ត្រីខ្មែរ ដែលមានថាមពលខ្លាំងក្នុងការធ្វើកិច្ចការជាច្រើន មិនមែនតែលើការថែទាំគ្រួសារតែមួយនោះទេ។ អ្នកស្រីបានចាត់ទុកព្រះនាង ឥន្ទ្រទេវី គឺជានិមិត្តរូបមួយអង្គ ដែលជាគំរូល្អ ព្រោះថា ព្រះនាងមានស្នាព្រហត្ថជាច្រើនដូចជា បង្កើតសាលារៀន មន្ទីរពេទ្យ និងបង្រៀនអក្សរសាស្ត្រខ្មែរ ជាដើម។ អ្នកស្រីថា នៅថ្ងៃប្រកួត អ្នកស្រីនឹងគ្រងឈុតព្រះនាងឥន្ទ្រទេវី ជាឈុតតំណាងជាតិដែលរចនាម៉ូដដោយសំអាងការ ណុបដាណេ។

លោក អូលីវ៉ា គង់ អ្នកច្នៃម៉ូដ និងគ្រូបង្ហាញម៉ូដដ៏ជំនាញមួយរូប ក៏បានបញ្ជាក់ដែរថា លោកសម្រេចចិត្តទិញសិទ្ធកម្មវិធីប្រកួតសម្រស់ Mrs World មកផលិតឡើង គឺមានគោលបំណងឱ្យកម្មវិធីមាននៅក្នុងប្រទេសកម្ពុជា ហើយលោកចង់បង្ហាញពីភាពអស្ចារ្យនៃស្ត្រីខ្មែរឱ្យពិភពលោកបានឃើញបន្ថែមទៀត។ លោកផ្ទាល់ក៏ជាអ្នករៀបចំយ៉ាងម៉ត់ចត់ចំពោះការត្រៀមខ្លួនរបស់អ្នកស្រី Jacqueline Bhagavan ទាំងលើឈុតតំណាងជាតិ ឈុតរាត្រីស្រមោលស និងការហ្វឹកហាត់ដំណើរជាដើម។ លោកក៏បានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ ជួយជាកម្លាំងចិត្តឱ្យច្រើនសម្រាប់បេក្ខភាព Mrs Cambodia World 2022 ដើម្បីចូលទៅដណ្ដើមមកុដពីឆាកអន្តរជាតិ ដោយនាំយកភាពជោកជ័យនេះមកជូនស្ត្រីខ្មែរគ្រប់រូប។

Share.