កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានអាជីវករលក់មាសចោទប្រកាន់ ថាប្រើល្បិចសួររកទិញខ្សែក មើលចុះមើលឡើង បន្លំលួចខ្សែកមាសមួយខ្សែ តែឃើញទាន់ ស្រែកឆោឡោ ផ្អើលអ្នកផ្សារនាំគ្នាចាប់ឃាត់បាន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចតូបលក់មាស ក្នុងផ្សារឆ្នាំង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ម្ចាស់តូបជាដើមបណ្តឹងឈ្មោះ ប៊ូ ផល្លា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់មាស គ្រឿងអលង្ការ នៅក្នុងផ្សារកន្លែងកើតហេតុ មានទីលំនៅសង្កាត់ផ្សារឆ្នាំ ឭង ក្រុងកំពង់ឆ្នាំង ។ ចំណែកស្ត្រីសង្ស័យឈ្មោះ ហម ឌី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យទៅសួររកទិញខ្សែកមាសនៅចំណុចតូបអ្នកលក់ខាងលើ និងបានសុំមើលខ្សែកមួយខ្សែហើយមួយខ្សែទៀត ឆ្លៀតឱកាសបន្លំលួចយកលាក់មួយខ្សែ ហើយប្រាប់ថាមើលមិនត្រូវ បម្រុងដើរចេញ តែម្ចាស់អ្នកលក់ដឹងចំនួនខ្សែ ទើបឆោឡោ រកឃើញលាក់ទុកនៅនឹងខ្លួន រាយការណ៍ប្តឹងសមត្ថកិច្ច ចាប់ឃាត់ខ្លួន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុង អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទើតាតុង សែនជ័យ

Share.