ក្រុមជម្រើសជាតិកាណាដា ក្រោមការដឹកនាំរបស់លោក John Herdman ជាក្រុមទី២ បន្ទាប់ពីម្ចាស់ផ្ទះកាតា ដែលអស់ឱកាសឈានទៅវគ្គបន្ត ក្រោយបរាជ័យ២ប្រកួតបើកឆាក នៃវគ្គជម្រុះពូល F ក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីចាញ់ក្រូអាច ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Khalifa International កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា។

នេះជាការខកចិត្តជាលើកទីពីរសម្រាប់កាណាដា នៅក្នុងព្រឹត្តិការណ៍ World Cup ដែលពួកគេបានបង្ហាញខ្លួនដោយធ្លាក់ចេញពីការប្រកួតទាំងពីរលើក។ កាណាដាបង្ហាញខ្លួនលើកដំបូងឆ្នាំ ១៩៨៦ និងឆ្នាំ ២០២២ ជាលើកទីពីរក្នុងរយៈពេល៣៦ឆ្នាំ។

រីឯកីឡាករ Alphonso Davies ដែលជាសមាជិករបស់ក្រុមជម្រើសជាតិកាណាដា និងប្រកបអាជីពនៅក្លិប FC Bayern Munich បានបំបែកកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍ World Cup ពោលគឺរកគ្រាប់បាល់លឿនបំផុតដោយប្រើពេលត្រឹមតែ៦៩វិនាទីប៉ុណ្ណោះដើមតង់ទី១។

ខណ:ម្ចាស់ផ្ទះកាតា ក៏បានបង្កើតប្រវត្តិសាស្រ្ត World Cup ឆ្នាំ២០២២ ផងដែរ ដោយបានក្លាយជាម្ចាស់ផ្ទះក្រុមទី១ ដែលធ្លាក់ចេញពីព្រឹត្តិការណ៍នេះលឿនជាងគេបំផុត ខណៈកំណត់ត្រាចាស់ ត្រូវកាន់កាប់ដោយក្រុមអាហ្វ្រិកខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០៕

Share.