សិល្បៈជាតិ៖ លោក លីម តិចម៉េង ឬមានរហ័សនាមហៅថា កំឡោះតូច គឺជាតារាចម្រៀងដែលប្រសូតចេញពីការប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ ក្នុងឆ្នាំ ២០២២នេះ ហើយលោកជាអាយដលម្នាក់ដែលមានភាពលេចធ្លោរខ្លាំងក្នុងវិស័យកម្មវិធីប្រឡងចម្រៀង។ ត្បិតតែកម្មវិធីលំដាប់ពិភពលោកនេះបានរសាត់ឆ្ងាយពីខ្សែភ្នែករបស់មហាជនជាយូរខែមកហើយ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់កំឡោះឯណេះវិញ រក្សាបាននូវក្ដីស្រឡាញ់ និងទឹកចិត្តគាំទ្រពីសំណាក់ហ្វេនៗមិនសាប។

ម្ចាស់ពានដែលជាបេក្ខជនមកពីខេត្តកំពង់ចាមរូបនេះ បានដណ្ដើមជ័យជំនះពីកម្មវិធី Cambodian Idol រដូវកាលទី៤ នៅក្នុងវ័យអាយុ២៥ឆ្នាំ ដែលពេលដោយសមត្ថភាព ពេញដោយថាមពលកម្លាំងសំឡេង។ បេក្ខជនម្ចាស់ពានរូបនេះបានប្រកួតប្រជែងសមត្ថភាពច្រៀងក្នុងវគ្គផ្ដាច់ព្រ័ត្រជាបេក្ខជនជើងខ្លាំងដទៃទៀតដល់ទៅ ៣នាក់ គឺបេក្ខជន នាង ដាវីន បេក្ខជន ថុល សុភិទិ និងបេក្ខជន ស៊ឹម ច័ន្ទពន្លឺ។ ដោយឡែកមុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ កំឡោះតូច តិចម៉េង ក៏ធ្លាប់រងនូវកម្លាំងខ្យល់ព្យុះរិះគន់ជាច្រើននៅលើបណ្ដាញសង្គម។ តើមានរឿងអ្វីខ្លះកើតនោះ?

លោក លីម តិចម៉េង ត្រូវបានក្រុមអ្នកគាំទ្រតារាចម្រៀងកូរ៉េ BTS គាស់រំលើងសាច់រឿងចាស់ឡើងវិញ ពីការនិយាយវាយប្រហារចំពោះអ្នកគាំទ្រ K-pop កាលពីប៉ុន្មានឆ្នាំមុន ស្របពេលដែលប្រជាប្រិយភាពរបស់លោកកំពុតតែមានរាសីឡើងស្រើតៗនៅអំឡុងពេលប្រឡងចម្រៀង។ ម៉េង មិនបាននិយាយច្រើនឬតបតអ្វីជាមួយអ្នកគាំទ្រនៅលើបណ្ដាញសង្គមចំពោះមតិរះគន់ចង់ជាន់ពន្លិចនៅពេលនោះទេ លោកគ្រាន់តែរក្សានូវស្ងៀមស្ងាត់ និងបង្ហោះសារខ្លះនិយាយសុំទោសរាល់កំហុសអចេតនា។ ទោះបី តិចម៉េង ត្រូបានគេថា ជាក្មេងចរិតពាល មិនល្អនៅក្នុងសង្គម តែនោះគ្រាន់តែពាក្យនិយាយចេញពីមាត់អ្នកវិនិច្ឆ័យរូបកំឡោះតែសំបកក្រៅតែប៉ុណ្ណោះ រីឯសាវតារវិញ គ្មាននរណាម្នាក់ដឹងច្បាស់បើសាមីខ្លួនមិនទម្លាយ។

កំឡោះតូចរូបនេះបានទម្លាយពីប្រវត្តិរូីបដ៏កម្សត់ជូរចត់បំផុតរបស់ខ្លួន ដោយមិនព្រួយបារម្ភខ្លាចរបូតសន្លឹកឆ្នោតពីកម្មវិធីនោះទេ។ មិនលាក់លៀម តិចម៉េង បានរៀបរាប់យ៉ាងក្បោះក្បាយថា ខ្លួនគឺជាក្មេងចេញពីការដើរច្រៀងតាមហាងម្នាក់ និងជាក្មេងគ្វាលគោនៅស្រុកស្រែម្នាក់ ប្រឹងប្រែងត្រដាបត្រដួសមកតស៊ូរៀននៅភ្នំពេញ។ លោកមានម្ដាយប្រកបរបរលក់អីវ៉ាន់នៅមុខរោងចក្រ និងជាសន្តិសុខឱ្យរោងចក្រផង។ លោកមានឪពុកជាអ្នកបើកឡានសាលា ដែលចំនូលនៅក្នុងក្រុមគ្រួសារបស់ តិចម៉េង គឺមិនអាចទ្រទ្រង់ឱ្យ តិចម៉េង មានជីវិតសុខស្រួល និងរៀនសូត្របានខ្ពង់ខ្ពស់ដូចកូនគេអ្នកមានជីវិតគ្រាន់បើនោះទេ។ តិចម៉េង មិនខុសអីពីក្មេងកម្សត់ដទៃដែលតាមរកក្ដីសុបិនរបស់ខ្លួននៅក្នុងទីក្រុងស៊ីវិល័យមានភ្លើងព័ណ។ ជាសំណាងល្អ ប្រុសម៉េង មានមិត្តភ័ក្ដជាអ្នកចម្រៀងតាមហាង ហើយចេះលេងហ្គីតា ថែមទាំងបានបង្រៀនលោកឱ្យចេះលេងឧបករណ៍នេះ និងចេះលេងបទល្បីៗថែមទៀតផង។

តិចម៉េង បានប្រើជីវិតជាអ្នកចម្រៀងតាមហាងរយៈពេល ២​ឆ្នាំ នៅហាង Room 42 ដែលកាលនុះ ភ្ញៀវនៅក្នុងហាងបានត្រឹមតែគិតថា បុរសម្នាក់ជាអ្នកចម្រៀងនៅវ័យក្មេងរូបនេះ មានសំឡេងល្អហើយ ប៉ុន្តែនៅខ្វះឱកាសទីផ្សារដើម្បីជំរុញបន្ថែមដើម្បីឱ្យគាត់ក្លាយជាតារាល្បី។ មិនយូរប៉ុន្មាន កំឡោះតូច ធ្វើបាន លេចមុខចូលប្រឡងចម្រៀង ហើយក្លាយជាតារាចម្រៀងដ៏មានភាពលេចធ្លោរ និងមានឥទ្ធពិលខ្លាំងក្នុងស្រទាប់យុវវ័យ។ ចុះមានមូលហេតុអ្វីដែលធ្វើឱ្យហ្វេនស្រឡាញ់គាំទ្រលោកខ្លាំងដល់ថ្នាក់នឹង បានន័យថា លោកតារា​ចម្រៀង​ថ្មី​ថ្មោងទេ តែមាន​ឥទ្ធិពល​ខ្លាំង នៅពេលចេញទៅ​ច្រៀង​ដល់​ណា​ គឺមាន​អ្នក​គាំទ្រ​តាម​ដង្ហែ​ និង​ចោម​រោម​នៅ​ទី​នោះ​គ្រប់សកម្មភាពតែម្ដង មិនមែនមួយឆាវដូចគេថា?

ត្រូវហើយ លីម តិចម៉េង ជាតារាចម្រៀងមួយរូបដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ហ្វេន ជាអាយដលដែលហ្វេនបានរើសឡើង ឬតាំងឡើងជាតារាចម្រៀងក្នុងដួងចិត្តពួកគេ រាប់ចាប់ពីថ្ងៃប្រឡង ថ្ងៃបានពាន រហូតដល់សព្វថ្ងៃនេះ។ រាល់ពេលដែលមានការគាំទ្រណែនណាន់ ហ្វេនមកដង្ហែ មកឈរថតឡោមព័ទជិត រកតែដកដង្ហើមមិនបានក្ដី ក៏កំឡោះតូចរូបនេះ បានត្រឹមតែសំពះអរគុណៗ ពេលខ្លះលុតជង្គង់សុំទោសហ្វេននៅកណ្ដាលចំណោមមនុស្សជាច្រើនក៏មាន។

តិចម៉េង ធ្លាប់លើកឡើងថា លោកតែងតែសំណូមពរឱ្យហ្វេនចាត់ទុកលោកជាអាយដលតែពេលនៅ​លើ​ឆាក​ចម្រៀង​​តែប៉ុណ្ណោះ ចុះពីលើឆាកវិញ លោកចង់ឱ្យហ្វេនចាត់ទុកលោកជាមិត្ត បងប្អូន កូនចៅម្នាក់ដែលទទួលបានក្ដីស្រឡាញ់ពីអ្នកគ្រប់គ្នាទៅគឺគ្រប់គ្រាន់ហើយ។ ដូច្នោះគេពិតជាមិនបាច់ឆ្ងល់ទៀតទេថា ហេតុអ្វីបានជាកំឡោះតូច លីម តិចម៉េង មានហ្វេនច្រើនដល់ម្លឹង។

ខណៈពេលទៅចូលរួមក្នុងកម្មវិធីមួយនៅឯ MC Park នោះ រូបគេត្រូវអ្នកគាំទ្រយ៉ាងច្រើនណែនណាន់តាន់តាប់ បានប្រមូលផ្តុំគ្នាចាំគាំទ្រ និង ហែហមដំណើរនៅទីនោះ ដែលមើលតាមសកម្មភាពក្នុងវីដេអូ ឃើញហើយគឺពិតជាមិនធម្មតាឡើយសម្រាប់រូបគេ និង ទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកគាំទ្រដែលមានចំពោះ Idol លីម តិចម៉េង នោះ។

បើទោះបីថ្មីៗនេះមានការលើកឡើងថា ប្រជាប្រិយភាពរបស់លោក លីម តិចម៉េង បានតែមួយប្រ៉ាវ ក្រោយៗនេះសាបដូចទឹកទន្លេង ប៉ុន្តែតាមរយៈសកម្មភាពច្រៀងនៅផ្សារទំនើប KMall ក្នុងកម្មវិធីសម្ពោធផ្សារសកលក៏បានបង្ហាញឃើញដែរថា លីម តិចម៉េង គឺជាតារាចម្រៀងខ្មែរជំនាន់ថ្មីមួយរូបដ៏មានឥទ្ធិពលខ្លាំងក្នុងស្រទាប់អ្នកគាំទ្រមិនងាយសាប ព្រោះការច្រៀងនៅថ្ងៃនោះទាំងចាស់ទាំងក្មេងបានចារលោកទុកជាតារាក្នុងដួងចិត្តយ៉ាងនឹកស្មានមិនដល់។ ម្នាក់ៗទាញទូរស័ព្ទដៃមកថតរាល់សកម្មភាពច្រៀងរបស់អាយដល តិចម៉េង និងមិនឱ្យដាច់ទេសំឡេងស្រែកហ៊ោរជាកម្លាំងចិត្ត។

សម្រាប់​អ្នក​ស្រឡាញ់​គាំទ្រលោក​ លីម តិចម៉េង មិនខ្វល់ថាលោកមានអកប្បកិរិយាធម្មជាតិបែប សាវតារបែបណា ឬដុះពន្លកចេញពីស្ថានភាពគ្រួសារបែបណាឡើយ ពួកគេតែងតែចង់ឃើញអាយដលរបស់ពួកគេរូបនេះ បន្តជំហរយ៉ាងរឹងមាំនៅលើវិថីសិល្បៈចម្រៀងរហូតមិនបាត់មុខ៕

Share.