យោងតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ រួមទាំងទារកទើបនឹងកើត និង កុមារ ២នាក់ ត្រូវបានសម្លាប់នៅលើកោះ Ischia ភាគខាងត្បូងប្រទេស អ៉ីតាលី ខណៈមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការបាក់ដីដែបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងបានបំផ្លិចបំផ្លាញទីក្រុងតូចមួយឈ្មោះថា Casamicciola Terme កាលពីព្រឹកថ្ងៃ សៅរ៍ ចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងស្រុក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ច័ន្ទ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រូបថត និង វីដេអូពីលើអាកាសបានបង្ហាញពីអគារជាច្រើនដែលត្រូវបានកម្ទេចដោយការរអិលបាក់ដី ហើយរថយន្ដជាច្រើនគ្រឿងបានរអិលធ្លាក់ចូលទៅក្នុងសមុទ្រ។

រដ្ឋាភិបាលអ៉ីតាលីបានឲ្យដឹងថា បុគ្គលិកសង្រ្គោះបន្ទាន់រាប់សិបនាក់បានប្រញាប់ប្រញាល់ទៅកាន់កោះរមណីយដ្ឋាននោះ និង បានបញ្ចេញកញ្ចប់ថវិកាជំនួយ ២លានអឺរ៉ូ (២លានដុល្លារអាមេរិក) នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់ ហើយក៏បានប្រកាសភាពអាសន្ននៅក្នុងកោះ Ischia នេះផងដែរ។

រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះជាង ២០០នាក់ នៅតែបន្ដប្រតិបត្តិការជួយសង្រ្គោះ និង តាមដានរកមនុស្សកំពុងបាត់ខ្លួន បើទោះបីជាប្រតិបត្តិការនេះកំពុងជួបឧបសគ្គដោយសារភ្លៀងធ្លាក់ និង ខ្យល់បក់ខ្លាំងយ៉ាងណាក៏ដោយ។

យោងតាមអ្នកជំនាញបាននិយាយថា គ្រោះមហន្ដរាយនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារ ការសាងសង់លំនៅដ្ឋាននៅតំបន់ដែលមានហានិភ័យខ្ពស់ ដូចជាសាងសង់នៅលើកោះ ភ្នំ ដែលជាតំបន់សកម្មរញ្ជួយដី ដោយកន្លងមកក៏ធ្លាប់មានការរញ្ជួយដី និង បាក់ដី បណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ៕

ប្រភព៖ Aljazeera

Share.