ភ្នំពេញ ៖ កម្មការនីរោងចក្រម្នាក់ ឈឺពោះឆ្លងទន្លេតាមផ្លូវតែម្នាក់ឯង បន្ទាប់ពីប្តីហេងស៊យរត់ចុះចោលតាំងពីនាងមានផ្ទៃពោះ៣ខែមកម្ល៉េះ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ អ្នកក្បែរខាង ជួយនាំជូន ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុង រួមជាមួយកម្លាំងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយអន្តរាគមន៍ សម្រាលបង្កើតបានកូនស្រីម្នាក់ តាមទម្រង់ធម្មតា ដោយជោគជ័យ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវចោមចៅ ខាងកើតផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកជម្ងឺមានឈ្មោះ ឡី សីម៉ា ហៅ នី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមស្ត្រីម្នាក់ ជាអ្នករស់នៅក្បែរខាង បានឲ្យដឹងដា ប្តីរបស់នាងបានចុះចោល តាំងពីនាងមានផ្ទៃពោះបាន៣ខែមកម្ល៉េះ ទុកឲ្យនាងពពោះ រស់នៅតែលតោលតែម្នាក់ឯង ជាមួយរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល រហូតដល់ពោះធំគ្រប់ខែ គ្មានសាច់ញាតិ គ្មានបងប្អូន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានអ្នកជិតខាង ដឹកតាមម៉ូតូកង់បី ជូនទៅមណ្ឌលសុខភាពស្ទឹងមានជ័យ តែខាងមណ្ឌលមិនទទួលសម្រាល ក៏ដឹកវិលត្រឡប់មកវិញ បំណងឆ្ពោះទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដល់ពាក់កណ្តាលផ្លូវ ចំណុចខាងលើ ឈឺពោះកាន់តែខ្លាំង សម្រាលកើតកូនស្រី ទើបឈប់ម៉ូតូ ផ្អើលឆោឡោ សុំឲ្យមានការអន្តរាគមន៍ពីគ្រូពេទ្យ ។

ភ្លាមៗ ត្រូវបានក្រុមគ្រូពេទ្យបង្អែកពោធិចិនតុង រួមជាមួយ ក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយអន្តរាគមន៍ បង្កើតដោយជោគជ័យ តាមទម្រង់ធម្មតា បានកូនស្រី ។

ក្រោយពីបង្កើតកូនជូនស្ត្រីអ្នកជម្ងឺខាងលើហើយ ត្រូវបាន ដឹកម្តាយ និងទារិកា ទៅកាន់មន្ទីរពេទ្យបង្អែកពោធិចិនតុង ដើម្បីបន្តតាមដាន ថែទាំសុខភាព សុវត្តិភាពជូនស្ត្រីខាងលើ និងកូនស្រី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.