សិល្បៈជាតិ៖ ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៨ ហើយនៅក្នុងឆ្នាំ២០២២នេះ គឺជាខួប ៤ឆ្នាំ រហូតមានការប្រារព្ធព្រឹត្តិការណ៍សម្ដែងល្ខោនខោលពេញផ្ទៃប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដាក់ចូល «ល្ខោនខោន » វត្តស្វាយអណ្ដែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា ទម្រង់​ល្ខោនខោល​នៅឯ​វត្ត​ស្វាយ​អណ្ដែត ជា​ទម្រង់​ល្ខោន​ដែល​ត្រូវបាន​សម្ដែង​ប្រចាំឆ្នាំ ក្រោយពេល​បុណ្យចូលឆ្នាំ​ខ្មែរ។ តាម​ប្រពៃណី​និង​ទំនៀមទម្លាប់​ត​មកដល់​បច្ចុប្បន្ននេះ គេ​តម្រូវឱ្យ​មានការ​ប្រារព្ធ​ធ្វើ​ពិធី​សំពះគ្រូ​មុននឹង​ចេញ​សម្ដែង។ ជានិច្ចកាល គេ​តែង​សម្តែង​ឈុតបួងសួងសុំទឹកភ្លៀង ដែលជា​ជំនឿ​សុំ​ទឹកភ្លៀង​នៅ​រដូវ​រាំងភ្លៀង ដើម្បីឱ្យ​យក្ស​ទម្លាយ​ទំនប់ទឹក​ម​ក​ស្រោចស្រង់​ដំណាំ​របស់​ប្រជាជន។

ល្ខោនខោល ឬ ភា​ណី ឬ ល្ខោន​ពាក់​មុខ ជា​ប្រភេទ​សិល្បៈ​ទស្សនីយភាព​របស់​ខ្មែរ​ចំណាស់ ដែលមានអាយុកាល​តាំងពី​សតវត្សរ៍​ទី១។ លក្ខណៈពិសេស​របស់​ល្ខោនខោល​គឺ សម្ដែង​តែ​នៅក្នុង​រឿង រាមកេរ្តិ៍​ខែ្មរ​មួយគត់ មិន​យក​រឿង​អ្វី​ផ្សេង​មក​សម្ដែង​ឡើយ អ្នក​សម្តែង​សុទ្ធតែប្រុសៗ ទោះ បី​ជា​តួអង្គ​ស្រី​ក៏​យក​ប្រុស​មក​សម្តែង​ដែរ សម្ដែង​ពាក់​មុខ​ខ្មុក​ស្មាច់​ពី​ក្រដាស​ជា​របាំង មុខ ជា​រូប​ក្បាល តួអង្គផ្សេងៗ ដូចជា រូប​ក្បាល​មេទ័ព​ស្វា ពល​ស្វា មេទ័ព​យក្ស សេនា​យក្ស តា​ឥសី ជាដើម ។

នៅមាន​វង់​ល្ខោន​ខ្លះ សម្ដែង​តួ​ដោយ​មិន​ពាក់​មុខ​ដែរ ប្រសិនបើ​តួអង្គ​មាន​រូបរាង​ជាម​នុស្ស ដូចជា​តួអង្គ​ព្រះរាម ព្រះ​លក្សណ៍ នាង​សេ​តា តែ​ក្រុម​ខ្លះទៀត​ពាក់​មុខ​ខ្មុក​ទាំងអស់ ហើយ​ត្រូវមាន​អ្នក​ពោល​ដំណើររឿង​សាច់រឿង​ដោយ​ចេះ​ចាំ​ស្ទាត់ ព្រមទាំង​ឆ្លើយឆ្លង​ពី​តួអង្គ​មួយ​ទៅ​តួអង្គ​មួយទៀត​ផងដែរ។

Share.