រាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់ជាគោលដៅអាទិភាពនៅក្នុងផែនការកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ឆ្នាំ២០៣០។ គោលដៅនេះ ត្រូវបានកំណត់ក្នុង ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលត្រូវបានព្រាង និងប្រជុំពិនិត្យនៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ថ្លែងថាផ្នែកសំខាន់នៃផែនការជាតិនេះមានគោលបំណងកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយនៅឆ្នាំ២០៣០។

លោកជំទាវបន្តថា ផែនការនេះ ផ្ដោតលើគោលដៅសំខាន់២ រួមមាន ទី១.កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២.បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦ រួមមាន ការពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់ និងការពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។

មែនទែនទៅ កិច្ចប្រជុំពិនិត្យសេចក្ដីព្រាង ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ គ្រោងធ្វើឡើងតាំងតែពីចុងឆ្នាំ២០២០មកម្លេះ ក៏ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានពន្យាពេលមួយរយៈ។ នេះបើតាមការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង។ យ៉ាងណាក៏ដោយ សម្ដេចបានថ្លែងអំណរគុណនិងកោតសរសើរ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ដែលបានខិតខំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសេចក្ដីព្រាងផែនការជាតិនេះឡើង។

សម្ដេចប្រធាន គ.ស.ច.គ បានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។ សម្ដេចបានឯកភាពចំពោះយោបល់ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ។ សម្ដេចក៏បានជំរុញឱ្យខិតខំបន្ថែមទៀតក្នុងការជំរុញការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។

សូមបញ្ជាក់ថាទន្ទឹមនឹងការកំណត់រាជធានី-ខេត្តអាទិភាព ផែនការជាតិនេះ បានកំណត់ប្រភពនៃបញ្ហាដែលត្រូវដោះស្រាយ រួមមានការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្ដាំ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ និងការមិនប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរជាដើម៕

Share.