សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឯកភាពចំពោះសំណើររដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សុំពិចារណាកំណត់ឆ្នាំផលិតយានយន្តដែលអាចនាំចូលមកលក់នៅលើទីផ្សារកម្ពុជា។ នេះបើតាមការថ្លែងរបស់សម្ដេច ក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិសុវត្ថិភាពចរាចរណ៍រយៈពេល១០ឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ស.ច.គ បានលើកយោបល់ជូនសម្ដេចក្រឡាហោម ក្នុងកិច្ចប្រជុំនោះ ថាបច្ចុប្បន្ន កម្ពុជាមានរថយន្តផលិតក្រោម១០ឆ្នាំមុន កំពុងប្រើប្រាស់ប្រមាណ៥០ភាគរយ ហើយថាការកំណត់ឆ្នាំផលិតរថយន្តនាំចូលកម្ពុជានេះ គឺដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន ខណៈកម្ពុជាក៏មិនអាចបណ្ដោយខ្លួនឱ្យក្លាយជាទីផ្សារនាំចូលរថយន្តជជុះដែរ។

ក្នុងកិច្ចប្រជុំដដែលនោះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនទាន់បានកំណត់ជាក់លាក់ថាតើគួរកំណត់ការនាំចូលរថយន្តមួយទឹកផលិតត្រឹមរយៈកាល៥ឆ្នាំចុងក្រោយ ឬយ៉ាងណានៅឡើយទេ ប៉ុន្តែសម្ដេចក្រឡាហោម បានណែនាំឱ្យលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ យកយោប់នេះទៅសិក្សាបន្ថែម ហើយរាយការណ៍មកសម្ដេចមុននឹងសម្រេចជាផ្លូវការ៕

Share.