ភ្នំពេញ ៖ បុរស-ស្ត្រី ពីរនាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ មិនទាន់ដល់ផ្ទះផង ត្រូវបានក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធខ្លី កាំបិត ស្ទាក់ភ្ជង់ប្លន់យកកាបូបទៅបាត់ ដោយសុវត្តិភាព គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9509 ឌុបគ្នាវិលមកពីលេងផ្ទះបងប្អូន នៅក្បែរវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទៅ១ វិលឆ្ពោះទៅផ្ទះ នៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីជើងទៅត្បូង គ្រាន់ តែជិះហួសផ្សារទួលពង្របានបន្តិច ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដាឌ្រីម គ្នា២នាក់ មកធ្វើសកម្មភាពលូកដកសោម៉ូតូ តែមិនរលត់ បន្តជិះទៅមុខបានបន្តិច ស្រាប់តែជនសង្ស័យមកកៀរម្តងទៀត ជនរងគ្រោះលើកជើងធាក់លើជនសង្ស័យ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងផ្សេងទៀត ប្រដាប់ដោយអាវុធខ្លី កាំបិត ភ្ជង់ គម្រាម ឆក់យកកាបូប បានសម្រេច គេចខ្លួនបាត់ដោយសុវត្តិភាព ។

សម្ភារៈក្នុងកាបូប លុយ ខ្សែកមាសនិងខ្សៃដៃ ទម្ងន់១,៥តម្លឹង ទូរស័ព្ទដៃ២គ្រឿង សរុបអស់ជាង៦០០០ដុល្លារ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវ តាមរកចាប់ខ្លួនក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន មកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.