សៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហាយឡែនឌ័រ បើកបុកពីក្រោយត្រាក់ទ័រដឹកម៉ាសុីនច្រូតស្រូវ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៦៨ ភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ជនរងគ្រោះស្លាប់នៅកន្លែងមានឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះវិហារ 2A-4849 ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកពីក្រោយត្រាក់ទ័រដែលមានដឹកម៉ាសុីនច្រូតស្រូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

អ្នកបើកបរត្រាក់ទ័រ ឈ្មោះសាញ់ ហុងចេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិសង្កែមានជ័យ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បានគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងត្រាក់ទ័រទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.