«ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រម លោក ឡឹក សុធា លើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។ នេះជាសារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បង្ហោះលើបណ្ដាញតេឡេក្រាម ភ្ជាប់ដោយរូបភាព នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក យ៉ង សាំង កុមារ ប្រធានគណៈកម្មការប្រតិបត្តិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃម្សិលមិញ បានសរសេរលិខិតជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំពីមូលហេតុនៃការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចថា ដោយសារលោកពេញចិត្តនឹងគោលនយោបាយកសិកម្ម ដែលសម្តេចតេជោបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះ ក្នុងនោះ លោកកត់សម្គាល់ពីគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង។

វិធានការណ៍ជាក់ស្ដែងរបស់សម្ដេចតេជោ ដែលអ្នកនយោបាយបណ្ឌិតកសិកម្មរូបនេះ ចាប់អារម្មណ៍នោះ ត្រូវបានលោករៀបរាប់ក្នុងលិខិតដដែលទៀតថាមានដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

អ្នកនយោបាយនិមកណ្ដាលរូបនេះ ថែមទាំងបានអះអាងទៀតថាការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីពីសម្ដេចតេជោ ដូចគ្នាទៅនឹងចំណេះដឹង ជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់លោកក្នុងវិស័យកសិកម្ម។ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕

Share.