លោក យ៉ង សាំង កុមារ ប្រធានគណៈកម្មការប្រតិបត្តិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP និងមនុស្សជំនិតម្នាក់ទៀត បានទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី បានបង្ហោះរូបភាពជួបពិភាក្សាគ្នាជាមួយលោក យ៉ង សាំង កុមារ និងមនុស្សជំនិត ដោយមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ចាក់ចេញពីជំរុំបៃតងចូលជំរុំទទេវតា លោក យ៉ង សាំង កុមារ ដែលទទួលបានសញ្ញាបត្របណ្ឌិតកសិកម្មពីប្រទេសអាល្លឺម៉ង់ បានស្ពាយទៅជាមួយនូវសំណើរចំនួន១២ចំណុច។ លោកអះអាងថាប្រសិនបើសំណើរ១២ចំណុចនេះ អនុវត្តបានជោគជ័យ នឹងអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង១លានគ្រួសារឱ្យបានប្រសើរ ក្នុងរយៈពេល៥ឆ្នាំ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក យ៉ង សាំង កុមារ បានអះអាងថាគ្រួសារកសិករខ្មែរដែលភាគច្រេីនបំផុតជាកសិករអ្នកធ្វេីស្រែកំពុងជួបការលំបាកជាច្រេីនដែលបញ្ហានេះនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិ។ លោកបន្តថា«យេីងត្រូវការសហការគ្នាដេីម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល»។

ខាងក្រោមនេះជាសំណេីរបស់លោក យ៉ង សាំង កុមារ ទាំង១២ចំណុចដែលលោកអះអាងថាសំណើរនេះ ត្រូវពិភាក្សានិងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផលិតកម្មនិងទីផ្សារស្រូវអង្ករដេីម្បីលោកចូលរួមជាមួយរដ្ឋាភិបាលធ្វេីកិច្ចការនេះ។

គោលបំណង៖

១.កសិករមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ

២.រោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

អន្តរាគមន៍សំខាន់ៗ៖

១.ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អ ដល់កសិករ (ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ)

២.បណ្ដុះបណ្ដាល ណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល៣). រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ

៤.រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ

៥.រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ CRF៦). សម្របសម្រួលឲ្យមានការសហការណ៍ និងកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ

៧.កំណត់ស្តង់ដារ និងយន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ (ពូជក្រអូបប្រណីត ពូជក្រអូបធម្មតា និងពូជស្រូវប្រាំងធម្មតា)

៨.ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ៩). រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង (Project Steering Committee) នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ

១០.នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ទទួលខុសត្រូវលើការអនុវត្តគម្រោង ដោយមានមន្រ្តីកសិកម្ម ធ្វើការផ្ទាល់ជាមួយកសិករ និងអាជ្ញាធរមូលដ្ឋាន

១១.រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ

១២.ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោងនេះ៕

លោក យ៉ង សាំង កុមារ បានអះអាងទៀតថាក្រៅពីចំណុចទាំង២នេះក៏មានចំណុចពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដូចជាធារាសាស្រ្ត គ្រឿងយន្តកសិកម្មជាដេីម និងបានគូសបញ្ជាក់ថា«សូមបញ្ជាក់ថាយេីងត្រូវការពេលយ៉ាងតិចបំផុត៥ ឆ្នាំដេីម្បីអនុវត្តន៍ផែនការនេះបានទូទាំងប្រទេស។

ក្នុងបទសម្ភាសន៍បង្ហោះលើទំព័រហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី២៨ ខែវិច្ឆិកានេះ លោក យ៉ង សាំង កុមារ បានអះអាងថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាការដោះដូរយកតួនាទី ឬមុខតំណែងអ្វីនោះទេ ប៉ុន្តែគឺដើម្បីយកចំណេះដឹងដែលលោកមានចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាកសិករ ពិសេសបញ្ហាតម្លៃស្រូវ។

លោកក៏មិនទាន់ហ៊ានអះអាងដែរថានឹងទទួលបានមុខតំណែងក្នុងជួររាជរដ្ឋាភិបាលកម្រិតមួយណា ដោយគ្រាន់តែអះអាងថាលោកចង់ធ្វើការងារបច្ចេកទេសដើម្បីអនុវត្តផែនការទាំង១២ចំណុច ប៉ុន្តែក៏មិនបដិសេធនោះដែរ​ ប្រសិនបើលោកត្រូវទទួលមុខតំណែងណាមួយដើម្បីមានសិទ្ធិអំណាចក្នុងការចាត់ចែងការងារ។

យ៉ាងណាក៏ដោយ តាមការសង្កេតកន្លងមក តួយ៉ាងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានទទួលមុខតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ បន្ទាប់ពីលោកបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក យ៉ង សាំង ​កុមារ បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​​អាល្លឺម៉ង់ នៅឆ្នាំ១៩៨៤។ លោក បានចំណាយពេលសិក្សា១១ឆ្នាំ​ ទទួលបាន​​បរិញ្ញាបត្រ និងបន្តទទួលបានបណ្ឌិត​ផ្នែក​កសិកម្ម​ ពីប្រទេសអាល្លឺម៉ង់​។ នៅ​ឆ្នាំ១៩៩៥ លោកបាន​បង្កើត​អង្គការ​សេ​ដាក ​ដើម្បីជួយកសិករលើជំនាញកសិកម្ម មុននឹងសម្រេចបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

Share.