ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលប្រទេសកាតា ទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការតាំងពីថ្ងៃទី២០ ខែវិច្ឆិកា មកម្ល៉េះ ពោលគឺបានទាក់ទាញភ្ញៀវទេសចរ និងអ្នកគាំទ្រជុំវិញពិភពលោកទៅទស្សនាផ្ទាល់ជាង១.២លាននាក់។

ក្នុងនោះអ្នកគាំទ្រក្រុមជម្រើសជាតិម៉ិចស៊ីកូម្នាក់ បានយកលុយដែលរូបគេត្រៀមរៀបការជាមួយគូដណ្តឹងទៅចំណាយលើថ្លៃធ្វើដំណើរ, ស្នាក់នៅ, ហូបចុក នៅប្រទេសកាតា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022។

អ្នកគាំទ្រក្រុមជម្រើសជាតិម៉ិចស៊ីកូ បានថ្លែងដូច្នេះថា៖«ជូនចំពោះគូដណ្តឹងជាទីស្រលាញ់! ឲ្យបងសុំទោស ដែលបងយកលុយដែលពួកយើងត្រៀមរៀបការ មកទស្សនាព្រឹត្តិការណ៍ World Cup នៅកាតា»។

គួរដឹងថាក្រុមជម្រើសជាតិម៉ិចស៊ីកូ ក្រោមការដឹកនាំរបស់លោក Gerardo Martino ដែលស្ថិតនៅវគ្គជម្រុះពូល C ជាមួយអាហ្សង់ទីន, អារ៉ាប៊ីសាអូឌីត និង ប៉ូឡូញ ដោយឆ្លងកាត់២ប្រកួត ស្មើ១ និងចាញ់១ មិនទាន់ឈ្នះនោះទេ មានតែ១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាង។

ខណ:ការប្រកួតបិទពូល C ក្រុមជម្រើសជាតិម៉ិចស៊ីកូ ត្រូវជួប អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២:០០រំលងអធ្រាត្រ ក្នុងកីឡដ្ឋាន Lusail រីឯ អាហ្សង់ទីន ប៉ះ ប៉ូឡូញ នៅកីឡដ្ឋាន 974 ម៉ោងដូចគ្នា ដើម្បីស្វែងរក២ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

Share.