កណ្តាល៖ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនប្អូនថ្លៃមានបញ្ហាខួរក្បាល កាប់បងថ្លៃបីកាំបិត ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង០៨និង៣០ នាទីនៅចំណុចភូមិទួលស្ពឺឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល ។ករណីហិង្សាដោយចេតនានេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាក់ សុខ ភេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាងខេត្តកណ្ដាល(ត្រូវជាប្អូនថ្លៃមានបញ្ហាខួរក្បាល)។វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន កាំបិតបុ័ងតោចំនួន១។

ជនរងគ្រោះឈ្មោះយ៉ន សុខជា ភេទប្រុស អាយុ៣៩ឆ្នាំ.ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាបងថ្លៃ បានរបួសក្បាលមួយកន្លែងនិងស្មាខាងឆ្វេងចំនួនពីរកន្លែង។

សូមបញ្ជាក់ថា នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធមកជួយធ្វើម្ហូបនៅក្នុងកម្មវិធីបង្កក់កូនរបស់ឈ្មោះ គន្ធា ដែលត្រូវជាបងប្អូនហើយពេលនោះ ជនរងគ្រោះកំពុងតែធ្វើម្ហូបស្រាប់តែជនសង្ស័យបានជិះម៉ូតូឌុបម្ដាយមក កម្មវិធីនោះដែរ រួចហើយជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ផ្ទះទៅវិញ បានបន្តិចក្រោយមកជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកកន្លែងកម្មវិធីនោះវិញ ហើយបានយកកាំបិតបុ័ងតោកាប់ត្រូវចំក្បាលជនរងគ្រោះចំនួន ០១ កាំបិតនិងកាប់ត្រូវចំស្មាខាងឆ្វេងចំនួន០២កាំបិតបណ្តាលអោយរងរបួសចេញឈាមហើយពេលនោះជនរងគ្រោះក៏បានចាប់ជនសង្ស័យជាប់រួចហើយក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន៕

អត្ថបទ៖ចតុមុខ

Share.