ប្រទេសចិន បានឈានដល់ចំណុចនៃការផ្ទុះការកើនឡើងថែម ១កម្រិតទៀត នាថ្ងៃ ច័ន្ទ នេះ បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសកាលពីចុងសប្ដាហ៍ ជុំវិញការរឹតបន្តឹងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងទិដ្ឋភាពដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីប្រធានាធិបតីចិន លោក Xi Jinping ឡើងកាន់អំណាចកាលពី ១ទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Japan Times នាថ្ងៃ ច័ន្ទ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

នៅទីក្រុង សៀងហៃ ក្រុមបាតុករ និង បូលីសបានប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃ អាទិត្យ ដោយប៉ូលីសបានវាយដំ និង ឃុំខ្លួនអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតរបស់ខ្លួនដែលយកព័ត៌មានពីព្រឹត្តិការណ៍នេះ នេះបើយោងតាមការឲ្យដឹងរបស់ទីភ្នាក់ងារសារព័ត៌មាន BBC។

ភាគហ៊ុន និង ប្រេង បានធ្លាក់ចុះយ៉ាងខ្លាំងនាថ្ងៃ ច័ន្ទ សប្ដាហ៍នេះ ខណៈដែលការតវ៉ាដ៏កម្របានបង្កើនការព្រួយបារម្ភអំពីការគ្រប់គ្រងគោលនយោបាយ «សូន្យកូវីដ» របស់ប្រទេស ចិន និង ផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចធំទី២ របស់ពិភពលោក។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងនានា រួមទាំងទីក្រុង Wuhan និង Lanzhou បានកម្ទេចកន្លែងធ្វើតេស្ដកូវីដ១៩ ខណៈនិស្សិតបានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលានានាទូទាំងប្រទេសចិន ដើម្បីសម្ដែងការមិនពេញចិត្តរបស់ពួកគេចំពោះគោលនយោបាយរឹតត្បិតពាក់ព័ន្ធនឹងការទប់ស្កាត់ កូវីដ១៩ របស់រដ្ឋាភិបាលចិន។

នៅព្រឹកព្រលឹមថ្ងៃ ច័ន្ទ ទី ២៨ ខែ វិច្ឆិកានេះ មានក្រុមបាតុករ ២ក្រុម មានគ្នាប្រហែល ១,០០០នាក់ បានបន្ដប្រមូលផ្ដុំគ្នាតវ៉ាក្នុងថ្ងៃទី៣ នៅតាមដងផ្លូវក្នុងទីក្រុង ប៉េកាំង ស្ថិតនៅក្បែរទន្លេ Liangma ដោយពួកគេបដិសេធមិនព្រមបំបែកហ្វូងបាតុកម្មនោះទេ។

យ៉ាងណាក៏ដោយ មិនមានសេចក្ដីរាយការណ៍លម្អិតពីថាតើមានអ្នកត្រូវបានចាប់ខ្លួន ឬ ក៏រងរបួសនោះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺការធ្វើបាតុកម្មតវ៉ាកម្រនឹងកើតឡើងខ្លាំងណាស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតីចិន លោក Xi Jinping តែម្ដង។ មួយវិញទៀត បើតាមទីភ្នាក់ងារ សារព័ត៌មាន AFP បានឲ្យដឹងថា ក្រុមបាតុករមួយចំនួនថែមទាំងបានស្រែកទាមទារលោក Xi Jinping ចុះចេញពីតំណែងទៀតផង ហើយមិនតែប៉ុណ្ណោះនៅក្នុងតំបន់ Xi Jiang ក៏មានបាតុកម្មតវ៉ាដែរ ក្រោយមនុស្ស១០នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះអគារអាផាតធឺមិន ១កន្លែង។

គួរបញ្ជាក់ថា ប្រទេសចិន បានជាប់គាំងជាមួយនឹងគោលនយោបាយ «សូន្យកូវីដ» អស់រយៈពេលជាយូរមកហើយ បើទោះបីជាប្រទេសជុំវិញពិភពលោកភាគច្រើនបានដកការរឹតបន្តឹងការរឹតត្បិតក៏ដោយ។ គិតត្រឹមថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ កំណត់ត្រាប្រចាំថ្ងៃស្ដីពីចំនួនអ្នកឆ្លង អ្នកស្លាប់ បានបង្ហាញថា ក្នុងរយៈពេល ២៤ម៉ោង ប្រទេសចិនមានអ្នកឆ្លងមេរោគកូវីដថ្មីចំនួន ៣,៨២២នាក់ បណ្ដាលឲ្យអ្នកឆ្លងសរុបមានចំនួន ៣១១,៦២៤នាក់ បណ្ដាលឲ្យមនុស្សសរុបចំនួន ៥,២៣៣នាក់ បានស្លាប់ដោយសារជំងឺនេះចាប់តាំងពីរាតត្បាតដំបូងកាលពីចុងឆ្នាំ២០១៩៕

ប្រភព៖ The Japan Times

Share.