ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខួប១ព្រះវស្សាហើយដែលសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានយាងសោយទិវង្គត។​ សម្ដេចក្រុមព្រះ បានយាងសោយ​ទិវង្គត​កាល​ពីព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា ​នៅប្រទេស​បារាំង​ ត្រូវនឹង​ម៉ោង៣,៤០នាទី​ រសៀល​ម៉ោងនៅកម្ពុជា​ ក្នុង​ព្រះជន្មាយុ​៧៧​ព្រះវស្សា​ ដោយ​ព្រះរោគាពាធ។​

នៅថ្ងៃខួប១ព្រះវស្សានៃការសោយទិវង្គតព្រះបិតា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ្វ៊ិនប៉ិច បន្តពីព្រះបិតា បានបង្ហោះសារលើទំព័រហ្វេសប៊ុកព្រះអង្គថា «ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ ជាថ្ងៃដែលខ្ញុំបានបាត់បង់ ព្រះបិតា ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃខ្ញុំ និងព្រះញាតិវង្សានុវង្សខ្មែរ គ្រប់ព្រះអង្គ»។

ព្រះបុត្រាអង្គនេះ បានបន្តរម្លឹកពីព្រះសកម្មភាពព្រះបិតា ថាជាឥស្សរជនកំពូលបានតស៊ូតាមព្រំដែនខ្មែរថៃ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដីខ្មែរតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញខ្មែរតែមួយ តាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គបានក្លាយជានាយករដ្ឋមន្ត្រីទី១ នៅក្នុងការបោះឆ្នោតរៀបចំដោយអ៊ុនតាក់កាលពីឆ្នាំ១៩៩៣។

ព្រះអង្គក៏បានក្លាយជាប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ ព្រះវិថីនយោបាយព្រះអង្គបានជួបប្រទះភាពបត់បែន ស្មុគស្មាញ និងបរាជ័យច្រើនលើកច្រើនសារ រហូតដល់ចូលទិវង្គត។ សម្តេចក្រុមព្រះបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Provence ជាបណ្ឌិតច្បាប់ និងវិទ្យាសាស្ត្រនយោបាយ និងបានក្លាយជាសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង។

ព្រះអង្គបាយយាងសោយទិវង្គតក្នុងអំឡុងពេលពិភពលោកទាំងបារាំង និងកម្ពុជា កំពុងរងគ្រោះខ្លាំងដោយជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនជនរួមជាតិថាសម្ដេចនឹងប្រឹងប្រែងធ្វើយ៉ាងដើម្បីដង្ហែរព្រះសពសម្ដចក្រុមព្រះ និងព្រះញាតិវង្ស ពីប្រទេសបារាំង មកប្រទេសកម្ពុជា។

មួយសប្ដាហ៍ក្រោយសោយទិវង្គត ទើបព្រះសពព្រះអង្គ ត្រូវធ្វើ​មាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ ព្រះសពត្រូវបានប្រារព្ធពិធី​ថ្វាយព្រះភ្លើងនៅ​ព្រះមេរុ មុខវត្តបុទុមវតី នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១​ក្រោ​មព្រះរាជវត្ដមានដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ និង​សម្តេចព្រះមហាក្សត្រី​ ព្រម​ទាំងវត្តមាន​ប្រធាន​ស្ថានជាតិសំខាន់ៗ​។​

រាជរដ្ឋាភិបាល​បាន​កំណត់​យកថ្ងៃបូជាព្រះសពសម្ដេចក្រុមព្រះ ជាថ្ងៃ​កាន់ទុក្ខ​ទូទាំងប្រទេស​ ដើម្បី​ជាការថ្វាយ​នូវព្រះកិត្តិយស​ដល់ព្រះអង្គ។ សម្តេចក្រុមព្រះ មានព្រះបុត្រា ព្រះបុត្រី ៥ព្រះអង្គរួមមាន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងព្រះអង្គម្ចាស់ នរោត្តម រណវង្ស៕

Share.