លោក ដាំ សិទ្ធិ

សប្ដាហ៍នេះ ច្រកទ្វារចុះចូលគណបក្សប្រជាជនកម្ពុជា មានភ្ញៀវមកពីគណបក្សផ្សេងឆ្លងកាត់ជាបន្តបន្ទាប់។ បន្ទាប់ពីលោក យ៉ង សាំង កុមារ និងមនុស្សជំនិតម្នាក់ទៀតមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលលខិលិតសុំចូលរួមជីវភាពនយោបាយមួយសន្លឹកទៀតពីលោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរ និងជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិ។

លោក យ៉ង សាំង កុមារ និងមនុស្សជំនិត បានយល់ព្រមចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ក៏ព្រោះមានឱកាសបានយកយន្តការ១២ចំណុចទៅអនុវត្តដើម្បីជួយប្រជាកសិករដែលកំពុងជួបបញ្ហាស្រូវលក់បានក្នុងតម្លៃថោក។ លោក យ៉ង សាំង កុមារ បានទទួលតំណែងរដ្ឋលេខាធិការ ហើយជំនិតទទួលបានតំណែងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ លោកធានាប្រើពេល៥ឆ្នាំ ដើម្បីជួយកសិករប្រមាណ១លានគ្រួសារ។ ចុះចំណែកលោក ដាំ សិទ្ធិ?

លោក យ៉ង សាំង កុមារ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

បើតាមខ្លឹមសារក្នុងលិខិតសរសេរផ្ទាល់ដៃ លោក ដាំ សិទ្ធិ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថាដោយមើលឃើញគោលនយោបាយដ៏ល្អ ត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្ដេច លោកសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ។​ បើធៀបនឹងលោក យ៉ង សាំង កុមារ គេអាចសន្និដ្ឋានបានមួយជ្រុងថាលោក ដាំ សិទ្ធិ ទំនងចូលមករួមរស់ដើម្បីមុខតំណែង និងបន្តជីវិតនយោបាយ។

លោក ដាំ សិទ្ធិ មានអតីតភាពជាអ្នកកាសែតចាស់វស្សាមួយរូប។ ក្រៅពីជីវិតនយោបាយជាមួយអតីតគណបក្សប្រឆាំង លោក ដាំ សិទ្ធិ យូរម្ដងៗបានចេញផ្សាយអត្ថបទលើកាសែតមនសិការខ្មែរ បង្កជាប្រធានបទក្ដៅមួយក្នុងសង្គមនយោបាយកម្ពុជា។ លោកធ្លាប់ជាប់ពន្ធនាគារជាង១សប្ដាហ៍ កាលពីឆ្នាំ២០០៨ ដោយសារចុះផ្សាយអត្ថបទមួយដែលអតីតមេកើយលោក គឺលោក សម រង្ស៊ី បាននិយាយថាឯកឧត្តម ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេស ជាអតីតប្រធានគុកបឹងត្របែកសម័យខ្មែរក្រហម។

លោក ដាំ សិទ្ធិ ពេលអាវុធហត្ថជាប់ខ្លួន

ផ្អែកតាមសវតាខាងលើ លោក ដាំ សិទ្ធិ ទំនងជាអាចទទួលបានមុខតំណែងនយោបាយណាមួយក្នុងជួររាជរដ្ឋាភិបាលមិនខានឡើយ។ ជាពិសេសបើផ្អែកតាមបទពិសោធន៍ជាអ្នកកាសែតចាស់វស្សាមួយរូបផងនោះ លោក ដាំ សិទ្ធិ ក៏អាចនឹងទទួលបានមុខតំណែងជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួងព័ត៌មានក៏ថាបាន។ យ៉ាងណាក៏ដោយ ត្រូវរង់ចាំមើលការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជាសិន។

សូមរម្លឹកដែរថាលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្ដល់មុខតំណែងនយោបាយ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយពីលោកសម្រេចមករួមរស់ក្នុងជីវភាពនយោបាយ។ ចំណែកលោក គង់ បូរ៉ា កូនប្រុសលោក គង់ គាំ ក៏បានទទួលមុខតំណែងនយោបាយ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែរ ក្រោយពីអតីតតំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិរូបនេះ សម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕

Share.