អ្នកប្រដាល់កម្ពុជា សុខ ធី (ហៅ កាកា) បច្ចុប្បន្នកំពុងប្រកបអាជីពនៅប្រទេសថៃកំពុង​ឡើង​កូដ​ខ្លាំង ពេលនេះត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់មេតំហ្វេតាមីន។

បញ្ជាក់* បើយោងតាមវេជ្ជបណ្ឌិត​ និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​គ្រឿង​ញៀន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មាន​ប្រសាសន៍​ថា មេតំហ្វេតាមីន គឺ​ជា​គ្រឿង​ញៀន​មិន​មែន​ជា​ថ្នាំ​ប៉ូវ​កម្លាំងឡើយ។

យោងតាមការចុះផ្សាយរបស់ផេក ช่อง44เชฟบุญธรรม បានឲ្យដឹងថាប៉ូលីសថៃ បានចាប់​ខ្លួន សុខ ធី ​នៅ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥​គ្រាប់​លាក់​ក្នុង​កាបូប​។

ខណ: សុខ ធី ក៏បានសារភាព​ថា​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ ពីឈ្មួញ​គ្រឿងញៀន​នៅ​ភូមិ​ Rangsit Khlong 1 បន្ទាប់​មក​ប៉ូលីសក៏​បាន​នាំ​ខ្លួន សុខ ធី ​ទៅ​ធ្វើ​តេស្ត​ទឹកនោមនៅមន្ទីរពេទ្យ Noppharat Rajathanee ហើយបានរកឃើញសារធាតុញៀន។

កីឡាករ សុខ ធី បាន​ក្លាយជា​អ្នក​ប្រដាល់​ ដោយសារ​តែ​បាន​ហែល​ឆ្លង​ទៅ​ធ្វើ​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​។ ទាំង​លោក និង​ឪពុក​បាន​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ប្រទេស​ជិតខាង​មួយ​នេះ រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​ឱកាស​ទៅ​ធ្វើការ​ឆ្ងាយ​ស្រុក​កំណើត​នោះ​ហើយ ដែល​ធ្វើ​អោយ​លោក​ប្រឹង​ក្រោកឈរ ដោយ​ទៅ​ហ្វឹកហាត់​ប្រដាល់ ហើយ​បាន​ប្រឡូក​ការ​ឡើង​រេញ រហូត​មានឈ្មោះ​បោះ​សំឡេង​។

គួរដឹងថា សុខ ធី កំពុង​ក្លាយជា​អ្នក​ប្រដាល់​ដែល​មាន​ទីផ្សារ បន្ទាប់​ពីអ្នកប្រដាល់កម្ពុជារូបនេះ​ឧស្សាហ៍​លេចមុខ​ក្នុង​ព្រឹត្តិការណ៍​ Muy Thai ដែល​ធ្វើ​អោយ​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ផងដែរ​៕

Share.