ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​វ៉ូវីណាមកម្ពុជា បាន​រៀបចំ​មហា​សន្និបាត​បញ្ចប់​អាណត្តិ​ទី៣ និង​បន្ត​អាណត្តិ​ទី​៤ ឆ្នាំ​២០២១-២០២៥ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ទីស្នាក់ការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ព្រម​ទាំង​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ផង​ដែរ ដោយ​ឯកឧត្តម អ៊ូ រតនា ដែល​ជា​​អគ្គលេខាធិការ បាន​ជាប់​ឆ្នោត​ជា​​ប្រធាន​សហព័ន្ធ។

គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា អាណត្តិ​ថ្មី​នេះ​មាន៖
-ប្រធាន​សហព័ន្ធ៖ ឯកឧត្តម អ៊ូ រតនា
-អនុប្រធានចំនួន៧រូប៖ លោក សុខ មុនី, លោក រស់ មនិន្ទៈ, លោក គិន ឆេងលី, លោក លី សុធា, លោក ឡុង សុផាត, លោក សំ សុខយី និង លោក ជា ហុងរី
-អគ្គលេខាធិការ៖លោក យ៉ាំ ថៃសាន
អគ្គលេខាធិការរង៣រូប៖ លោក លាង ណារិទ្ធ, លោក អាំ សុផល និងលោក ម៉ិច សីហា
-អគ្គហិរញ្ញិក៖ លោកស្រី ញឹម ម៉ី
-អគ្គហិរញ្ញិករង៖ លោកស្រី ប៉ុក ករុណា
-សមាជិក៥រូប៖លោក ប៊ូ វីរៈ, លោក គង់ ហួន, លោក កៅ មករា, លោក ទេព ជីវៈសុខុម និងលោក ម៉េង សៅណេង។

ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា បាន​ថ្លែង​អំណរគុណ​រីករាយ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ប្រតិបត្តិ ហើយ​ឯកឧត្តមបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអភិវឌ្ឍន៍ និង​រក្សា​នូវ​សក្ដានុពល​របស់​សហព័ន្ធ​លើ​ឆាក​អន្ដរជាតិ ដែល​សហព័ន្ធ​ធ្លាប់​សម្រេច​បាន​កន្លងមក។ បេសកកម្ម​ធំៗ២ គឺការ​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម​ ឆ្នាំ​២០២៣ នៅប្រទេសកម្ពុជា។

«ជាមួយ​និង​ភាព​រីករាយ​នេះ ​វា​ក៏​ជា​អម្រែក​មួយ​ដ៏​ធ្ងន់​ដែរ​ ក្នុង​ការ​ដឹកនាំ​សហព័ន្ធ​ ក្នុង​ស្ថានភាព​វិបត្តិកូវីដ-១៩នេះ។ យើង​មាន​កម្មវិធី​ធំៗ​ជា​ច្រើន ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៣។ តែ​យ៉ាង​ណា​យើង​នឹង​ខិតខំ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ចូលរួម​ទប់ស្កាត់​កូវីដ-១៩ ផង​ និង​រក្សា​នូវ​កម្រិត​បច្ចេកទេស​របស់​កីឡាករ-កីឡាការិនីផង យើងនឹង​រិះរកគ្រប់មធ្យោបាយ ដើម្បីថែរក្សាទម្រង់ និងរក្សាសក្ដានុពល ត្រៀម​ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣។ យើង​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ដឹកនាំ​សហព័ន្ធ​កីឡា​វ៉ូវីណាម ឲ្យ​ដើរ​ទៅ​មុខ​ប្រកប​ដោយ​សក្ដានុពល»។ ឯកឧត្តម អ៊ូ រតនា បន្ថែម។

សូម​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​វ៉ូវីណាមកម្ពុជា​​ អាណត្តិ​ទី១​និង​ទី២ មាន​លោក​ឧកញ៉ា រ័ត្ន សាខន ជា​ប្រធាន​សហព័ន្ធ តែ​ចូល​ដល់​អាណត្តិ​ទី៣​លោក​ឧកញ៉ា បាន​លាឈប់​ពី​តំណែង​ដោយ​មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជាប់​​ឯកឧត្ដម​ ស៊ូម​ សារឿន​ ជា​ប្រធាន​វិញ​ម្តង ខណៈ​អាណត្តិ​ទី៤​នេះ​ឯកឧត្តម អ៊ូ រតនា ជា​ប្រធាន​សហព័ន្ធ​វិញ​ម្តង៕

Telegram-Troryorng
Share.