សិល្បៈ​ជាតិ៖ បន្ទាប់​ពី​ត្រូវ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​សីហា​​ Pinky Savika ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​ចេញ​ផុត​ពី​របង​ពន្ធនាគារ​​ហើយកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​​ ក្រោយ​តុលាការ​​ចេញ​ដីកា​អនុញ្ញាត​ឱ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។

អ្នក​នាង​ Pinky Savika អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​ ចុងចោទ​ក្នុង​​រឿង​​ខ្ចី​លុយ​ដែល​ជា​ការបោកប្រាស់​ប្រជាជន​និង​បទ​ល្មើស​បច្ចេកវិទ្យា​ ក្នុង​ករណី​ Forex-3D ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ខូចខាត​រហូត​ដល់ជាង​២​ពាន់​លានបាត​។ នៅ​ក្នុង​ការ​ពិចារណា​ក្ដី​ មេធាវី​ការពារក្ដី​ចុងចោទ​បាន​ស្នើ​សុំ​ធានា​ខ្លួន​ដោយ​ទឹក​ប្រាក់​ចំនួន​៥​លាន​បាត​ ដើម្បី​ឱ្យ​តុលាការ​ពិចារណា​ ហើយ​នៅ​ពេល​តុលាការ​ពិចារណា​រួច​បាន​ចេញ​សេចក្ដី​សម្រេច​ឱ្យ​មាន​ការ​ដោះ​លែង​ខ្លួន​ ចុងចោទ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ធានា​​ខ្លួន​ចំនួន​ ៥លាន​បាត​ ដោយ​មាន​កំណត់​លក្ខខ័ណ្ឌ​ផ្សេង​ដូច​ជា​ ហាម​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ បើសិន​ជា​ផ្លាស់ប្ដូរ​ទីតាំង​ឬ​កន្លែង​ស្នាក់​នៅ​ត្រូវ​ផ្ដល់​ដំណឹង​មក​កាន់​តុលាការ​ក្នុង​រយៈ​ពេល​ ៧​ថ្ងៃ​ និង​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ជា​រៀងរាល់​ខែ​ រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ ឬ​សេចក្ដី​សម្រេច​ថ្មី​ដែល​មាន​ចែង​ប្រាប់​។

នៅ​វេលា​ម៉ោង ​៧​យប់​ម្សិលមិញ​នេះ​ អតីត​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​​ដឹក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ស្ត្រី​ ដោយ​ពេល​នោះ​ Pinky ស្លៀក​សំលៀក​បំពាក់​អាវ​យឺត​ពណ៌ លើក​ដៃ​ជំរាប​សួរ​ និង​បាយបាយ​មក​កាន់​អ្នក​សារព័ត៌មាន​ដែល​រងចាំ​តាម​ដាន​និង​ផ្ដិត​រូប​ភាព​នៅ​ខាង​មុខ​បរិវេណ​ច្រក​ចេញ​ ព្រម​ជា​មួយ​នឹង​លើកដៃ​ជា​សញ្ញា​បេះដូង​ ជំនួស​ឱ្យ​ពាក្យ​អរគុណ​មុន​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​ដោយ​មិន​បាន​ឈប់​ផ្ដល់បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នោះ​ឡើយ​៕

ប្រភព៖ PPTV, Thairath, Sanook

Share.