អក្សរសិល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម មានកំណើតចាប់តាំងពីការចាប់ផ្ដើមចលនាតស៊ូក្រោយរដ្ឋប្រហារឆ្នាំ១៩៧០មកម្លេះ។ នេះបើតាមលោក បណ្ឌិត ណុន សុខា ថ្លែងក្នុងបាឋកថា រៀបចំដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ តាមប្រព័ន្ធវីដេអូZOOMនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។ បើតាមលោកបណ្ឌិត អក្សរសិល្ប៍សម័យនោះ បានស្ដែងឱ្យឃើញតាមរយៈអត្ថបទពាក្យជាពាក្យស្លោក អត្ថបទកំណាព្យ និងចំរៀង ដែលខ្លះកើតចេញពីអង្គការឬរដ្ឋាភិបាលសម័យខ្មែរក្រហមជាអ្នករៀបចំ និងខ្លះចេញពីមហាជនអ្នកបដិវត្តន៍។

លោកបណ្ឌិតបានពន្យល់ទៀត ថាទិដ្ឋភាពអក្សរសិល្ប៍នាសម័យខ្មែរក្រហម គឺជាទិដ្ឋភាពថ្មីសន្លាងមួយ បន្ទាប់ពីវប្បធម៌ និងអក្សរសិល្ប៍សម័យចាស់បានរត់ទៅពួនសំងំបាត់ឈឹង ដោយសារឥទ្ធិពលនៃអំណាចផ្ដាច់ការបដិវត្តន៍ខ្មែរក្រហម។ ភាពថ្មីសន្លាងនោះ គឺដោយសារអក្សរសិល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យ​ បានប្រែធាតុជាអក្សរសិល្ប៍មានចរិតបដិវត្តន៍ និងបម្រើមហិច្ឆតាអង្គការ មិនបម្រើអារម្មណ៍អ្នកស្ដាប់ទូទៅ ដូចអក្សរសិល្ប៍សម័យចាស់នោះឡើយ។

លោកបណ្ឌិតបានអះអាងថាអក្សរសិល្ប៍សម័យខ្មែរក្រហមនោះទៀតសោត បើតាមការស្រាវជ្រាវរបស់លោក គឺបានឆ្លងកាត់បរិបទសំខាន់ៗ៣ផ្សេងៗគ្នា។ បរិបទទីមួយ គឺអក្សរសិល្ប៍ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដោយក្នុងបរិបទនោះ អក្សរសិល្ប៍មានចរិតបែបបំផុតការផ្ដួលរំលំរដ្ឋអំណាច អប់រំមនុស្សឱ្យមានកំហឹងវណ្ណៈ ចេះរួមក្នុងចលនាតស៊ូ ហ៊ានលះបង់ និងពលី ដើម្បីបុព្វហេតុបដិវត្តន៍ និងអង្គការ ព្រមទាំងបំផុសវណ្ណៈកសិករ។

លោកបន្តថាចរិតនៃអក្សរសិល្ប៍នេះ បានស្ដែងឡើងតាមរយៈបទចំរៀងបដិវត្តន៍ ដូចជាបទ«ពូៗកងឈ្លប» «ទង់ក្រហមបដិវត្តន៍» និងបទ«មិត្តដើរព្រៃលើ»ជាដើម។ លោកឱ្យដឹងថា ចំរៀងទាំងនេះ ជាចំរៀងពិបាកស្វែងរកប្រភពដើមណាស់ ដ្បិតលោកស្រាវជ្រាវឃើញថាចំរៀងទាំងនេះកើតឡើងក្នុងអំឡុងពេលចលនាបដិវត្តន៍តស៊ូរាយប៉ាយក្នុងព្រៃនៅឡើយ ដោយមិនទាន់មានការថតជាសំឡេង និងចេញជាអត្ថបទដូចបរិបទខ្មែរក្រហមឡើងកាន់អំណាចនោះទេ។

ជាទឡ្ហីករណ៍ លោកបណ្ឌិត បានបង្ហាញបទចម្រៀង «មិត្តដើរព្រៃលើ»ដែលកើតក្នុងសម័យតស៊ូ និងមានខ្លឹមដើមថា៖ មិត្តដើរព្រៃលើ ស្លឹកឈើវែងៗ  ស្លឹកថ្លុងស្លឹកត្បែង កន្លែងដែលមិត្តជ្រកនៅ ខោអាវមិត្តរហែក ព្រោះមិត្តដេកដី គ្មាននរណាដេរឱ្យ មិត្តដេរដៃឯង រំពឹងតាយាយ តាយាយនៅឯឆ្ងាយ រំពឹងអ្នកម្ដាយអ្នកម្ដាយនៅឯផ្ទះ រំពឹងបងស្រីបងស្រីយកប្ដីទាហ៊ាន រំពឹងអ្នកមានអ្នកមានជិះជាន់អ្នកក្រ។ សម្រាប់ចំរៀងមួយបទនេះ លោកផ្ដល់ការពន្យល់ថាជាចំរៀងបំផុតគំនិត កុំរំពឹងលើអ្នកណា ជាការបំផុតកំហឹងវណ្ណៈ និងបំផុសគំនិតឯករាជ្យម្ចាស់ការ។

បរិបទបន្ទាប់មួយទៀតនៃអក្សរសិល្ប៍សម័យខ្មែរក្រហម គឺនៅក្រោយថ្ងៃរំដោះ១៧មេសា១៩៧៥។ លោកបណ្ឌិត ណុន សុខា បានអះអាងថាអក្សរ៍សិល្ប៍ក្នុងបរិបទនោះ មានចរិតប្ដូរទស្សនៈនៃការរស់នៅរបស់ប្រជាជន ពោលគឺបើប្រជាជនធ្លាប់មានកម្មសិទ្ធិ គឺឈប់ឱ្យមានកម្មសិទ្ធិ។ លោកបន្ថែមថា«ស្នាដៃអក្សរសិល្ប៍សម័យនោះមានតួនាទីជារណសិរ្យជួរមុខមួយជួយផ្សព្វផ្សាយឱ្យប្រជាជនយល់ពីស្មារតីរស់នៅសមូហភាព»។ លោកអះអាងថាបទចម្រៀង«យើងខ្ញុំស្រលាញ់អង្គការគ្មានព្រំដែន» គឺជាទឡ្ហីករណ៍សំអាងមួយ ក្នុងចំណោមចម្រៀង និងអត្ថបទផ្សេងទៀត។

បទចម្រើងនេះ ត្រូវបានលោកបណ្ឌិត ណុន សុខា ស្រាវជ្រាវខ្លឹមសារយកមកបង្ហាញក្នុងបាឋកថាក្នុងន័យដើមថា«យើងខ្ញុំកុមការ ស្រលាញ់អង្គការឥតមានព្រំដែន ដោយសារអង្គការយើងខ្ញុំរស់រាន ជីវិតថ្កើងថ្កានរីករាយអស្ចារ្យ មុនបដិវត្តន៍កុមារក្រខ្សត់រងទុកវេទនា រស់ដូចសត្វធាតុកព្រាខ្លោចផ្សារ អាក្បត់មោហាគ្មាននឹកនាដល់ ស្បែកដណ្ដប់ឆ្អឹង ស្គឹងស្គមកំព្រឹង ហៅសែនកង្វល់ យប់ដេកនឹងដីថ្ងៃឡើងខ្វាយខ្វល់ កាយកាកសំណល់ដើរសុំទាន ឥលូយើងខ្ញុំអង្គការឧត្តម ឧបត្ថម្ភគ្រប់គ្នា បំប៉នសុខភាពកម្លាំងខ្លាំងក្លា ឱ្យរស់នៅជាសមហូភាព…»។

ចំណែកបរិបទអក្សរសិល្ប៍លំដាប់ទី៣នៃសម័យខ្មែរក្រហម គឺអក្សរសិល្ប៍ក្នុងដំណាក់កាលសង្គមនិយម និងបានស្ដែងឡើងជាបន្តបន្ទាប់ ក្រោយពី ប៉ុល ពត ចេញមុខថ្លែងសុន្ទរកថាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៧ តាមប្រព័ន្ធវិទ្យុ និងប្រកាសខ្លួនឯងជាមគ្គុកទេសក៍របស់បក្ស ប្រកាសកំណើតបក្សថ្មី។ តួនាទីអក្សរសិល្ប៍ពេលនោះ ត្រូវបានលោកបណ្ឌិត អះអាងថាបានឆ្លុះបញ្ចាំងពីការជំរុញដំណើរការសហករណ៍ ដូចជាមានពាក្យស្លោកថា «មានស្រូវមានអ្វីៗទាំងអស់»។

យ៉ាងណាក៏ដោយ នៅបន្ទាប់ពីបរិបទទី៣នេះ អក្សរសិល្ប៍ខ្មែរក្រហមក៏មានលក្ខណៈប្លែកខុសពីមុនដែរពោលគឺមិនបំផុសឱ្យប្រជាជនមានកំហឹងវណ្ណៈ និងបង្កើនការតស៊ូហ៊ានពលីពេកនោះទេ ផ្ទុយទៅវិញ បែរជារៀបរាប់ពីមោទលភាពខ្មែរ ការកសាងប្រាសាទ សោភ័ណ្ឌភាពឬទេសភាពវាលស្រែជាដើម។ លោកយល់ថាអង្គការនាពេលនោះ ចាប់ផ្ដើមប្ដូរចរិតនៃអក្សរសិល្ប៍ ដើម្បីលួងលោងប្រជាជនឱ្យបាត់ភាពជិនណាយ និងនឿយហត់ ក្នុងនោះក៏មានការបញ្ចូលបទភ្លេងប្រពៃណី។

នៅពេលនិយាយពីស្នាដៃអក្សរសិល្ប៍សម័យខ្មែរក្រម ក៏មានការលើកជាសំណួរអំពីម្ចាស់ស្នាដៃអត្ថបទចម្រៀង អត្ថបទកំណាព្យ និងពាក្យស្លោកជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិត ណុន សុខា បានថ្លែងថាម្ចាស់ស្នាដៃទាំងនោះ មិនបង្ហាញអត្តសញ្ញាណច្បាស់នោះទេ ដោយភាគច្រើនប្រើតែពាក្យឬឈ្មោះបដិវត្តន៍ជាសម្គាល់ និងឈ្មោះមិនពិតប្រាដក។ ចំណែកអ្នកនៅរស់ និងត្រូវបានសន្និដ្ឋានថាអាចជាម្ចាស់ស្នាដៃណាមួយនោះ ក៏បដិសេធមិនចង់រម្លឹកពីអតីតកាលនេះដែរ៕

ដើម្បីជ្រាបច្បាស់ សូមទស្សនាបាឋកថា តាមរយៈតំណរនេះ(4) ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute | Phnom Penh | Facebook

Share.