ប្រទេសកាតា បានប្រកាសពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG រយៈពេលវែងជាលើកដំបូងរបស់ខ្លួនដល់ប្រទេស អាល្លឺម៉ង់ ដែលចង់កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២២។

កាតា នឹងចាប់ផ្ដើមធ្វើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ចំនួន ២លានតោន ក្នុង១ឆ្នាំ ទៅឲ្យប្រទេស អាល្លឺម៉ង់នៅក្នុងឆ្នាំ២០២៦ ហើយមានរយៈពេល ១៥ឆ្នាំ។

អាល្លឺម៉ង់ បានសម្លឹងមើលទៅ កាតា សម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវ LNG បន្ទាប់ពីបានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេស រុស្ស៊ី ដោយសារតែការលុកលុយលើអ៊ុយក្រែន។

សូមជម្រាបថា ប្រទេស រុស្ស៊ីគឺជាប្រទេសដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៥៥% ដល់ប្រទេស អាល្លឺម៉ង់ ប៉ុន្ដែចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន អាល្លឺម៉ង់ក៏កាត់បន្ថយការនាំចូល ដោយងាកទៅរកការផ្គត់ផ្គង់ពីកាតាជំនួសវិញ​ ដោយរដ្ឋមន្រ្តីកិច្ចការសេដ្ឋកិច្ច និង អាកាសធាតុ ប្រទេស អាល្លឺម៉ង់ ដែលទទួលបន្ទុកគោលនយោបាយថាមពលរបស់ប្រទេស បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលនឹងផ្ដល់ការធានាផ្គត់ផ្គង់ឧស្ម័នរយៈពេលវែងដល់អាល្លឺម៉ង់៕

ប្រភព៖ NHK

Share.