ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសទីមួយ​ហើយ​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​តំបន់ហាត់​ប្រាណ​អាស៊ានមុនគេ ។ ការ​លើក​ឡើង​ដូច​នេះ​ នៅក្នុង​ពិធី​បិទការប្រកួតកីឡា ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ធ្វើឡើង​នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

ឯកឧត្តម ស សុខា បានលើកឡើងថានៅប៉ុន្មានថ្ងៃ​មុន​​កម្ពុជា​បាន​ចាប់​ផ្ដើម​ក​សាង និងដាក់​ឱ្យ​ប្រើ​ប្រាស់តំបន់​ហាត់ប្រាណអាស៊ាន ក្រោយ​ការ​ដឹក​នាំ​និងចង្អុល​បង្ហាញ​ពី​រាជរដ្ឋភិបាល ដើម្បី​ជំរុញ​ឱ្យប្រជាពលរដ្ឋ​មាន​ការ​ហាត់​ប្រាណនៅ​តំបន់ហាត់​ប្រាណ​អាស៊ាន​​។ ឯកឧត្តមបន្ថែម​ថា បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​នៅតំបន់មុខអូតែល​សុខា ថ្នាក់ដឹកនាំនឹង​បន្ត​នៅ​តាម​គោកដៅបន្ទាប់​ដូច​ជា​ខេត្ត សៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង ជាដើម ដែលនេះ​បង្ហាញ​ថាកម្ពុជាកំពុងមានការលូតលាស់ខ្លាំងលើវិស័យកីឡាន​នៅក្នុង​តំបន់​អាស៊ាន។

ថ្លៃងក្នុងកម្មវិធីឯកឧត្តម ស សុខា ក៏បានស្នើឱ្យថ្នាក់​គ្រប់គ្រង់ គណកម្មាធិការរៀបចំការប្រកួតកីឡាពាន់រង្វាន់ សម្តេចក្រឡាហោម ស ខេង គួរ​តែពិនិត្យក្នុង​ការ​ពង្រីក​​ទទួល​យកអ្នកដាក់​ពាក្យក្នុង​វិស័យ​បាល់ទាត់កាន់តែច្រើន​ ព្រោះថាកីឡាបាល់ទាត់​នេះ​កំពុង​មាន​ភាព​ពេញនិយម និង​មាន​អ្នក​ចូល​រួម​ច្រើនបន្ទាប់​ពី​មាន​ការ​ចូល​រួម​ជាច្រើន​នៅ​ក្នុង​កម្មវិធី​ប្រកួត​លើកនេះ។ ឯកឧត្តម ក៏សូមឱ្យកីឡាករទាំងអស់ដែល​បាន​ចូល​រួម​ប្រកួត​ត្រូវ​ពង្រឹង​សម្ថភាព​បន្ថែម​ដើម្បី​ត្រៀម​នៅក្នុង​កម្មវិធីប្រកួត​ថ្នាក់​ជាតិ​នាពេល​ខាង​មុខ​។

សូមរំលឹកថា ព្រឹត្តិការណ៍​ប្រកួត​កីឡាពានរង្វាន់ «សម្តេច​ក្រឡាហោម ស ខេង» ឆ្នាំ២០២២ នៅ​ខេត្ត​បាត់ដំបង បានចាប់ផ្ដើម​​ដំណើរការ​ប្រកួត​​ចាប់​ពី​ថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល​មាន​កីឡា ៣ប្រភេទចូល​រួម​មាន​កីឡាបាល់ទាត់ កីឡាវាយសី និងកីឡាប៊ូល និងប៉េតង់៕

អត្ថបទ៖ នី ម៉េងងី

Share.