ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ឃាត់ហៅយុវជន២នាក់ ដោយប្រើល្បិច ហៅសួរនាំរកផ្លូវ ផ្ទុយទៅវិញ ដកកាំភ្លើងខ្លីភ្ជង់គម្រាម 

ប្លន់យកទៅបាត់ដោយសុវត្តិភាព ផ្អើលទាំងយប់ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំណុចស្ពានផ្លូវ៦០ម៉ែត្រថ្មី ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ម៉ូតូដែលជនសង្ស័យយកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-5051 ម្ចាស់ជនរងគ្រោះ ឈ្មោះ វង្ស ផល្លា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះគ្នា២នាក់ ជិះម៉ូតូតាមផ្លូវ១០៤ ពីលិចទៅកើត ដល់ចំណុចលើស្ពានអាកាសថ្មី ឈប់អុជបារីជក់ រៀបនឹងជិះចេញទៅហើយ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ពីកើតទៅលិច ច្រាសទិសគ្នា មកឈប់ទន្ទឹម ប្រើល្បិច ឃាត់សាកសួរ លើជនរងគ្រោះ « ផ្លូវមួយណាទៅវត្តស្លែង ផ្លូវជាតិលេខ៣ ?» គ្រាន់តែជនរងគ្រោះ ចង្អុលប្រាប់ផ្លូវហើយ ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីភ្ជង់គម្រាម ប្លន់យកម៉ូតូ ជិះឆ្ពោះទៅទិសខាងលិចបាត់ ។

ក្រោយកើតហេតុ ទើបផ្អើលឆោឡោ ដល់ពលរដ្ឋ កម្លាំងប្រជាការពារ សង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅដល់សាកសួរនាំ រួចជូនជនសង្ស័យទៅដាក់ពាក្យបណ្តឹងនៅសង្កាត់រលួស ខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

Share.