ក្រុមលេខ២លើលោក បែលហ្ស៊ិក របស់លោក Roberto Martinez បន្តធ្វើមិនបានល្អសម្រាប់ការប្រកួតចុងក្រោយក្នុងវគ្គជម្រុះពូល F បន្ទាប់បានត្រឹមស្មើ ០-០ ជាមួយក្រូអាត ខណ:ក្រុមបិសាចក្រហមមួយនេះត្រូវការឈ្នះដាច់ខាន។

ក្រោយចប់ការប្រកួត បែលហ្ស៊ិក ស្ថិតនៅលេខរៀងទី៣ ពីការប្រកួត៣លើក ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុប៉ុណ្ណោះ រីឯក្រូអាត លេខ២ មាន៥ពិន្ទុ និងម៉ារ៉ុក កំពូលតារាង មាន៧ពិន្ទុ។ ដូច្នេះ បែលហ្ស៊ិក ធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលជាលើកដំបូងក្នុងរយ:ពេល១៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨។

ខណ:ក្រុមជម្រើសជាតិម៉ារ៉ុក របស់លោក Walid Regragui ស្គាល់រសជាតិវគ្គ១៦ក្រុមចុងក្រោយ ជាលើកដំបូងក្រោយខនខានអស់រយៈពេល ៣៦ឆ្នាំ ក្នុងព្រឹត្តិការណ៍ World Cup ២០២២ ក្រោយយកឈ្នះលើកាណាដា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Al Thumama កាលពីរាត្រីថ្ងៃទី១ ខែធ្នូ។

វគ្គ១៦ក្រុមចុងក្រោយ៖
ថ្ងៃទី៥ ខែធ្នូ ក្រូអាត ប៉ះ ជប៉ុន ម៉ោង១០:០០នាទីយប់ នៅកីឡដ្ឋាន Al Janoub​
ថ្ងៃទី៦ ខែធ្នូ ម៉ារ៉ុក ប៉ះ អេស្ប៉ាញ ម៉ោង១០:០០នាទីយប់ នៅកីឡដ្ឋាន Education City។

ភ្លាមៗក្រោយការប្រកួតលោក Roberto Martinez គ្រូបង្វឹក បែលហ្ស៊ិក បានលាឈប់ពីតួនាទីជាគ្រូបង្គោលជម្រើសជាតិបែលហ្ស៊ិក ក្រោយក្រុមនេះធ្លាក់ត្រឹមវគ្គចែកពូល FIFA World Cup 2022៕



Share.