នៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន បានជួបគ្នាជាលើកដំបូងដោយមានការជួយសម្របសម្រួលពីភាគីវៀតណាម។ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងលោកទាំងបីនៅលើទឹកដីវៀតណាមនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេច មិនមានការលំបាកធ្វើការជាមួយសម្ដេច ហេង សំរិន និង សម្ដេច ជា ស៊ីម នោះទេ ដោយសារអស់លោកសុទ្ធតែជាក្រុមអ្នកតស៊ូនៅភូមិភាគបូព៌ាដូចគ្នា។

តាមរយៈជំនួបជាបន្តបន្ទាប់ សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន បានព្រមព្រៀងគ្នាលើរបៀបវារៈយោធា និងនយោបាយរបស់រណសិរ្សរួមក្នុងអង្គប្រជុំមួយ ដែលមិនមែនតែជាការជួបគ្នារវាង សម្ដេច ទាំងបីនោះទេ ប៉ុន្តែសរុបជាជំនួបក្រុមអ្នកប្រឆាំងរបបខ្មែរក្រហមដល់ទៅ៥ក្រុម។ សៀវភៅ ដើម្បីប្រជាជន ដើម្បីប្រទេសជាតិ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បោះពុម្ពឆ្នាំ២០១៧ ទំព័រ២៧២ដល់២៧៣ បានសរសេរថា ភាគីទាំង៥ក្រុមនោះរួមមាន៖

-ភាគីទី១ ដឹកនាំដោយសម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម។

-ភាគីទី២ ដឹកនាំដោយលោក ប៊ូ ថង ក្រោកឡើងបះបោរនៅឆ្នាំ១៩៧៥ នៅ ភូមភាគឦសាន្ត។

-ភាគីទី៣ ជាក្រុមកុម្មុយនីស្ដដឹកនាំដោយបញ្ញាវន្តធ្លាប់ទទួលការបណ្ដុះបណ្ដាលនៅហាណូយ មានលោក ប៉ែន សុវណ្ណ និងអ្នកដទៃទៀតដូចជា លោក ជា សុទ្ធ និងលោក ចាន់ ស៊ី។

-ភាគីទី៤ ជាកម្លាំងថ្មីបង្កើតឡើង ដោយសម្ដេចតេជោ ហ៊ុន សែន។

-ភាគីទី៥ ដឹកនាំដោយលោក សាយ ភូថង និងសម្ដេច ទៀ បាញ់ ជាក្រុមចលនាប្រឆាំងខ្មែរក្រហមក្នុងទឹកដីថៃ។

ស្មារតីក្រុមអ្នកតស៊ូកាន់តែស្រួចស្រាល់ត្របាញ់វិញចូលគ្នា ដើរតាមខ្សែបន្ទាត់តែមួយ។ ភាគីទាំង៥បានខ្នះខ្នែងក្នុងការជួបប្រជុំគ្នាទាំងថ្ងៃទាំងយប់ដោយមិនគិតពេលសំរាក។ គោលបំណងសំខាន់នៃក្រុមអ្នកតស៊ូ ផ្ដោតទៅរក ការរៀបចំកម្មវិធីនយោបាយរណសិរ្ស, ឈ្មោះរណសិរ្ស, ទង់ជ័យ, រចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំរណសិរ្ស ដើម្បីឈានទៅបើកមហាសន្និបាតបង្កើតរណសិរ្សជាផ្លូវការ ដែលមានឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។

ជាក់ស្ដែង ក្រឡេកមកមើលរចនាសម្ព័ន្ធរបស់«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»វិញ មានចំនួន៨រូបជាក្បាលម៉ាស៊ីន។ សៀវភៅ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានដកស្រង់ប្រសាសន៍សម្ដេច ហេង សំរិន មកថា «ខ្ញុំ នៅចាំបានថា សមាសភាព ដែលចូលរួមពិភាក្សាបណ្ដាសេចក្ដីព្រាងទាំងនោះមាន៨រូប ដូចខាងក្រោម៖

១.ហេង សំរិន

២.ជា ស៊ីម

៣.ហ៊ុន សែន

៤.ប៉ែន សុវណ្ណ

៥.រស់ សម័យ

៦.ប៊ូ ថង

៧.ប៊ុន មី

៨.ស៊ើយ កែវ និងមានអ្នកកត់ត្រាមួយចំនួនទៀត ក៏ចូលរួមក្នុងពេលនោះដែរ»។

ថ្នាក់ដឹកនាំប្រាំបីរូបដែលចេញពីចលនាតស៊ូទាំង៤ ដែលចលនា១ មានតំណាង២រូប បានចាត់ចែង និងរៀបចំកម្មវិធីនយោបាយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីដាក់ឆ្លងមហាសន្និបាតរណសិរ្ស ដែលប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ។ ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ មហាសន្និបាតបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានប្រារព្ធឡើងក្នុងសាលប្រជុំ C១ នៃវិទ្យាស្ថាននយោបាយរដ្ឋបាលជាតិ ហូ ជីមិញ សាខាទី២ ក្នុងស្រុក ធូឌឹក ទីក្រុងហូជីមិញ ប្រទេសវៀតណាម (សាលា ង្វៀន ងាយគួក ទី៧) និង បានអនុម័តកម្មវិធីនយោបាយ «១១ខ» ដ៏ភ្លឺស្វាង និងពោរពេញទៅដោយគតិយុត្តិ ហើយបានក្លាយទៅជាទង់ដឹកនាំបដិវត្តន៍ ប្រមូលផ្ដុំកម្លាំងមហាជន ត្រៀមខ្លួនក្រោកឡើងតស៊ូ ដើម្បីរំដោះប្រទេសជាតិឲ្យផុតពីគ្រោះប្រល័យពូជសាសន៍។ នេះបើតាមសៀវភៅ សម្ដេច ហេង សំរិន។

ទីបំផុត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលក្រុមអ្នកតស៊ូបានរៀបចំមីទ្ទិញប្រកាសគោលការណ៍ «១១ខ» នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយធ្វើពិធីយ៉ាងអធិកអធម មានប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមគាំទ្រគគ្រឹកគគ្រេង។ ព្រឹត្តិបត្រ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចេញផ្សាយដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចេញផ្សាយខ្លឹមសារ«១១ខ» រួមមានដូចខាងក្រោម៖

១៖ អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ រៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តទូទាំងប្រទេស។ បង្កើតរដ្ឋធម្មនុញ្ញថ្មីសំដៅធានាអះអាងរាល់សិទ្ធិស្មើភាពសេរីភាពប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។

២៖ កសាងរាល់សមាគម ដែលជាសមាជិករណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គម គ្រប់មជ្ឈដ្ឋាន មានសមាគមយុវជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។

៣៖ កសាង និងពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី។

៤៖ អនុវត្តន៍សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ គោរពសិទ្ធិ និងតម្លៃមនុស្សរបស់ប្រជាជនគ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅតាមភូមិឋានចាស់របស់ខ្លួន និងកសាងជីវភាពរស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ ការធ្វើដំណើរក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី មានសិទ្ធិសេរីក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាក និងរៀនសូត្រ។ ធានាអះអាងនូវសិទ្ធិសេរីភាពខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មានសិទ្ធិរស់នៅស្មើភាព។ មានកាតព្វកិច្ច និងមាន ផលប្រយោជន៍ដូចគ្នា។

៥៖ អនុវត្តន៍មាគ៌ាសេដ្ឋកិច្ចឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដីដែលបំផ្លិចបំផ្លាញជួសជុលសេដ្ឋកិច្ចថ្មី គឺ សេដ្ឋកិច្ចបម្រើផលប្រយោជន៍ លើមូលដ្ឋានពង្រីកកសិកម្ម និងឧស្សាហកម្ម។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួម បំបាត់ចោល របបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារ ចាយវាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការលក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើពលកម្មបាក់កម្លាំង។

៦៖ បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍សិទ្ធិស្មើភាពរវាងបុរស និងនារី។ លើកទឹកចិត្តនារី ឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បីបម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តីមេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

៧៖ បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សា គ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ។

៨៖ អបអរសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន។ ផ្តន្ទាទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរចំពោះអ្នកមានស្នាដៃ។

៩៖ អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម្ព័ន្ធជាមួយប្រទេសទាំងឡាយ ដោយមិនប្រកាន់របបនយោបាយសង្គម លើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និង មានផលប្រយោជន៍ទៅវិញទៅមក។

១០៖ ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាព ដែនដីគ្នាទៅវិញទៅមក។ បញ្ចប់សង្គ្រាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើងវិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិផងរបងជាមួយនិងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគ អាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៏ស្តុកស្តម្ភ។

១១៖ បង្កើនសាមគ្គីភាពជាមួយបណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនសង្គម។

ទន្ទឹមនឹងប្រកាសកម្មវិធីនយោបាយទាំង «១១ខ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នោះ មហាសន្និបាតអ្នកស្នេហាជាតិគ្រប់តំបន់ក៏បានធ្វើឡើងនៅមូលដ្ឋានរំដោះដោយបាន សម្រេចជាឯកច្ឆ័ន្ទបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្ស ដែលមានសមាជិក១៤រូបរួមមាន៖

១. លោកប្រធាន ហេង សំរិន៖ អតីតសមាជិកគណៈកម្មាធិការបក្សភូមិភាគបូព៌ា អតីតស្នងការនយោបាយ និង ជាប្រធានកងពលលេខ៤។

២. លោកអនុប្រធាន ជា ស៊ីម៖  (ជា សាឡាត់ ឬ យិន សយ) អតីតលេខាបក្សតំបន់២០ អតីតសមាជិកសភាតំណាងប្រជាជនកម្ពុជាទូទាំងប្រទេស។

៣. អគ្គលេខាធិការ រស់ សម័យ៖ ភូឈួយ សេនាធិការកងពលនៃកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា សមាជិក។

៤. លោក ម៉ាត់ លី អតីតសមាជិកអចិន្រ្តៃយ៍សភា តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស។

៥. លោក ប៊ុន មី អតីតអនុប្រធានលេខាបក្សតំបន់៣ ភូមិភាគឥសាន្ត។

៦. លោក ហ៊ុន សែន អតីតប្រធានសេនាធិការ និងជាអនុប្រធានកងវរសេនាធំតំបន់២១ ជាតំណាងសមាគមយុវជនសង្គ្រោះជាតិ។

៧. អ្នកស្រី មាន សំអាន ស្នងការនយយោបាយកងវរសេនាតូច នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ជាតំណាងសហគមន៍នារីសង្គ្រោះជាតិ។

៨. លោក មាស សំណាង តំណាងសមាជិកកម្មករសង្គ្រោះជាតិ។

៩. លោក នៅ សាមុំ តំណាងសមាគមកសិករសង្គ្រោះជាតិ។

១០. ព្រះតេជព្រះគុណ ឡុង ឈឹម តំណាងឱ្យព្រះសង្ឃ(ឯកសារខ្លះសរសេរ ឡុង ស៊ឹម)

១១. លោកវិស្វករ ហែម សាមិន វិស្វករខាងគ្រឿងយន្ត តំណាងសមាគមបញ្ញវន្តសង្គ្រោះជាតិ។

១២. លោកស្រីវេជ្ជបណ្ឌិត ជ័យ កញ្ញា សមាជិកនៃសមាគមបញ្ញវន្តសង្គ្រោះជាតិ។      

១៣. លោកសាស្រ្តាចារ្យ ចន្ទ វ៉ែន សមាជិកនៃសមាគមបញ្ញវន្ដសង្គ្រោះជាតិ។       

១៤. អ្នកសារព័ត៌មាន ប្រាជ្ញ ស៊ុន សមាជិកនៃសមាគមបញ្ញវន្ដសង្គ្រោះជាតិ។

នៅថ្ងៃដ៏មហាឡារិកនោះដែរ សម្ដេច ហេង សំរិន បានប្រកាសអំពាវនាវយ៉ាងអង់អាចថា«ឱកាសបដិវត្តន៍ បានមកដល់ហើយ ជនរួមជាតិបងប្អូន កម្មាភិបាល យុវជ យុវនារី ចូរសាមគ្គី ឈានឡើងអង់អាចក្លាហាន ប្ដេជ្ញាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត, អៀង សារី។ ប្រជាជនយើងដាច់ខាត នឹងសម្រេចបានជោគជ័យ នូវគោលការណ៍កសាងប្រទេសកម្ពុជាមួយសន្ដិភាព ឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងឈានឡើងលទ្ធិសង្គម។ បុព្វហេតុបដិវត្តន៍របស់ ប្រជាជនកម្ពុជាដាច់ខាត នឹងដណ្ដើមបានជ័យជម្នះ»…។

សូមបញ្ជាក់ថានៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធពិធី ឬមិទ្ទិញពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះទេ។ យ៉ាងណាក៏ដោយ តាមរយៈបណ្ដាញសង្គម ឥស្សរជនជាតិសំខាន់ៗ ក្នុងនោះរួមទាំងសម្ដេចតេជោ ហ៊ុន សែន សហស្ថាបនិក២ធ្នូ បានបង្ហោះសារលើទំព័រហ្វេសប៊ុកដើម្បីរំលឹកដល់ថ្ងៃប្រវត្តិសាស្រ្តនេះ។

ហ្វេសប៊ុកសម្ដេចតេជោ បានរៀបរាប់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

Share.