រុស្ស៊ីហាក់ដូចជាកំពុងរៀបចំសម្រាប់ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាថ្មី លើអ៊ុយក្រែន ជាមួយនឹងយន្ដហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពយ៉ាងពិសេសរាប់សិបគ្រឿង ដោយត្រូវបានគេប្រទះឃើញប្រមូលផ្ដុំនៅឯមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ។

យន្ដហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 និង Tu-160 ចំនួន ២គ្រឿង បានប្រមូលផ្ដុំគ្នានៅឯមូលដ្ឋានទ័ពអាកាស Engels-2 ក្បែរទីក្រុង Saratov រួមជាមួយនឹងធុងសាំង យានជំនិះ និង គ្រឿងផ្គត់ផ្គង់ជួសជុល។

ក្រុមអ្នកវិភាគបាននិយាយថា ប្រអប់ដែលទំនងជាប្រអប់គ្រាប់រំសេវដែលមានផ្ទុកកាំជ្រួចមីស៊ីល Kh-55 និង Kh-101 ក៏ត្រូវបានមើលឃើញនៅជិតយន្ដហោះនោះដែរ ដោយនេះបង្ហាញថា ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនគឺជិតកើតឡើងហើយ។

ការវាយប្រហារនេះនឹងផ្ដោតសំខាន់លើការបំផ្លាញបណ្ដាញថាមពល និង បណ្ដាញទឹករបស់អ៊ុយក្រែន ដែលត្រូវបានវាយប្រហាររួចហើយ ដោយមីស៊ីល Cruise និង យន្ដហោះគ្មានមនុស្សបើក Kamikaze ផលិតដោយអ៉ឺរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយទុកឲ្យប្រជាជនអ៊ុយក្រែនរស់នៅក្នុងផ្ទះជាមួយនឹងភាពត្រជាក់។

រូបភាពនៃអាកាសយានដ្ឋានត្រូវបានថតកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ហើយបោះពុម្ពលលើកដំបូងដោយទស្សនាវដ្ដី Der Spiegel របស់អាល្លឺម៉ង់។

លោក Arda Mevlutoglu អ្នកវិភាគយោធា បានប្រាប់ទស្សនាវដ្ដីថា «ចំនួនយន្ដហោះទម្លាក់គ្រាប់បែកគឺច្រើនខុសពីធម្មតា ដែលនេះគឺជាការបង្ហាញពីការកើនឡើងនៃប្រតិបត្តិការ ប្រសិនបើមិនមែនជាការវាយប្រហារទ្រង់ទ្រាយធំដែលនឹងកើតឡើងទេនោះ»។

យ៉ាងណាម៉ិញ អ៊ុយក្រែនបានត្រៀមខ្លួនសម្រាប់ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីបន្ថែមទៀតរួចហើយ ដោយស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងជាច្រើនលើកនៅទូទាំងប្រទេស ក្នុងសប្ដាហ៍នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានព្រមានកាលពីថ្ងៃ អាទិត្យ សប្ដាហ៍មុននេះថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារថ្មីបន្ថែមទៀត ហើយនៅសប្ដាហ៍ខាងមុខស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីត្រូវបានកម្ទេច បណ្ដាលឲ្យមានការដាច់ចរន្ដអគ្គិសនីយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានប្រទេសយើងកាលពីចុងខែ កុម្ភៈ។

លោក Zelensky បន្ដថា ពួកគេកំពុងតែរៀបចំផែនការវាយប្រហារថ្មីៗ ពិតណាស់យើងបានដឹងរឿងនេះ ហើយដរាបណាពួកគេនៅតែមានមីស៊ីល ពួកគេនឹងមិនស្ងប់ចិត្តឡើយ។ យ៉៉ាងណា កងកម្លាំងការពាររបស់យើងកំពុងត្រៀមខ្លួនរួចរាល់ហើយ ហើយប្រទេសទាំងមូលក៏ត្រៀមខ្លួនហើយដូចគ្នា យើងបានដោះស្រាយគ្រប់សេណារីយ៉ូ រួមទាំងបានពិភាក្សាជាមួយដៃគូរបស់យើងផងដែរ។

ចំពេលដែលស្ថានភាពនៅអ៊ុយក្រែន និង រុស្ស៊ី កំពុងតានតឹង មេដឹកនាំ NATO បច្ចុប្បន្នកំពុងជួបប្រជុំគ្នានៅប្រទេស រ៉ូម៉ានី ដើម្បីពិភាក្សាអំពីដំណាក់់កាលបន្ទាប់នៃការគាំទ្រសម្រាប់អ៊ុយក្រែនជាមួយនឹងការការពារកាំជ្រួចមីស៊ីលកម្រិតកំពូលនៃរបៀបវារៈនេះ៕

ប្រភព៖ Dailymail

Share.