ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ សិន តៃ សង្ស័យតែក្ស័យធន ទើបប្រកាសប្រាប់កម្មករ ផ្អាកសម្រាកជាបណ្តោះអាសន្នរយៈពេល២ខែ តែដំណោះស្រាយខុសគោលការណ៍លក្ខខណ្ឌការងារ ទើបកម្មករ នាំគ្នាផ្ទុះការតវ៉ា ដើម្បីរកអត្ថប្រយោជន៍ របស់បងប្អូន រយៈពេល២ថ្ងៃជាប់គ្នាមកហើយ គិតមកដល់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅខាងមុខរោងចក្រផ្ទាល់ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវរថភ្លើង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមតំណាងកម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ហ្គាមេន ខាងលើ មានថៅកែជាជនជាតិចិន មានកម្មករបម្រើការងារ សរុបចំនួន១៧០០នាក់ ក្នុងនោះកម្មករពេញសិទ្ធិចំនួន៩១៥នាក់ ។

កម្មករបន្តទៀតថា សង្ស័យក្ស័យធន់ ទើបខាងរោងចក្រប្រកាសប្រាប់កម្មករ សុំសម្រាកផ្អាកការងារជាបណ្តោះអាសន្នរយៈពេល២ខែ ដោយគិតចាប់ពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតប្រាក់ឲ្យកម្មករតែចំនួន៣០ដុល្លារ ក្នុងម្នាក់ រយៈពេលសម្រាក ទើបកម្មករមិនយល់ព្រម ក៏ផ្ទុះតវ៉ាតែម្តងកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅតែបន្តតវ៉ា ទាមទាររកអន្ត្ថបនរយោជន៍របស់ខ្លួន ក្នុងលក្ខខណ្ឌចំនួន៧ ៖ ទី១ សុំឲ្យក្រុមហ៊ុនប្ដូរវេនគ្នាព្យួរការងារ ឲ្យកម្មករ៥០ភាគរយធ្វើការឆ្លាស់វេនគ្នាមួយខែម្ដង និងសុំរក្សាប្រាក់ឈ្នួល៥០ភាគរយ ។ ទី២ អំឡុងពេលព្យួរការងារនេះ សូមក្រុមហ៊ុនអនុញ្ញាត្តឲ្យសហជីពមូលដ្ឋាន និងប្រតិភូបុគ្គលិកចូលធ្វើការងារធម្មតា ។ ទី៣ សុំឲ្យក្រុមហ៊ុនបើកប្រាក់រំលឹកអតីតភាពការងារឲ្យបានទៀងទាត់ ក្នុងរយៈពេល៦ខែម្ដង ។ ទី៤ សុំឲ្យក្រុមហ៊ុនផ្ដល់ការឈប់សម្រាកប្រចាំឆ្នាំដល់កម្មករ និយោជិកឲ្យបានត្រឹមត្រូវ ។ ទី៥ សុំឲ្យប្រធានក្រុម ប្រើពាក្យសំដីឲ្យបានសមរម្យជាមួយកូនក្រុមរបស់ខ្លួន ។ ទី៦ សុំឲ្យក្រុមហ៊ុនផ្ដល់ភាពងាយស្រួលក្នុងការសុំច្បាប់តាមការជាក់ស្ដែង ។ ទី៧ នៅពេលក្រុមហ៊ុនបញ្ឈប់កម្មករនិយោជិកណាម្នាក់ សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៅតាមច្បាប់ស្ដីពីការងារ ។

ប្រភពដដែលបន្តទៀតថា ការតវ៉ារបស់កម្មកររោងចក្រខាងលើ ដោយមានការចូលរួមពី ខាងសហជីពស្មារតីកម្មករខ្មែរ និង សហជីពយុវជនខ្មែរ ។អ្វីដែលកម្មកម្មករផ្តោតខ្លាំងក្នុងលក្ខខណ្ឌទាមទារ មានតែ២ចំណុចធំគឺទី១ ចែកកម្មករជាពីរវេន ធ្វើការងារ និងទី២ សុំប្រាក់ឈ្នួលចំនួន៥០ភាគយ នៅអំឡុងពេលឈប់សម្រាក តែខាងរោងចក្រមិនព្រម ហ៊ានផ្តល់ឲ្យកម្មករតែចំនួន៣០ដុល្លារម្នាក់ ក្នុង១ខែ ទើបដោះស្រាយមិនត្រូវគ្នា កម្មករផ្ទុះកូដកម្មតវ៉ាតែម្តង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.