បាត់ដំបង៖ អាជ្ញាធរប៉ែកខាងលិចរបស់ខេត្តបាត់ដំបងត្រៀមបង្កើតស្តូបវិមានឯករាជ្យកណ្តាលទីក្រុងឆាប់ៗនេះដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរចូលឲ្យចូលទស្សនាកើនឡើងថែមទៀត។

កាលពីថ្មីៗនេះលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ចំពោះមុខឆាប់ៗនេះរដ្ឋបាលខេត្តបាត់ដំបងត្រៀមសាងសង់ស្តូបវិមានឯករាជ្យ និងសួនច្បារសាធារណៈប្រយោជន៍ជាការឆ្លើយតបជាទីកន្លែងលំហែកម្សាន្តកាយ ឬហាត់ប្រាណ ម៉្យាងទៀតក៏បានរំដោះទីកន្លែងលក់ដូរដែលមិនរៀបរយមួយចំនួននៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងទីប្រជុំជនក្រុងបាត់ដំបង ផងដែរ។

មន្ត្រីថ្នាក់ក្រោមជាតិខាងលើបន្តថា គម្រោងអភិវឌ្ឍន៍ស្តូបវិមានឯករាជ្យ អមជាមួយសួនច្បារក្នុងមូលដ្ឋានទីប្រជុំ ជនក្រុងនេះមានទីតាំងឋិតនៅចំណុចសួននាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងគម្រោងរៀបចំផ្សាររាត្រីក្បែរគ្នាមួយទៀតឲ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរក្នុង និងក្រៅប្រទេស ដែលក្រុងបាត់ដំបង គ្រោងប្រែក្លាយទៅជាទីក្រុងវៃឆ្លាត “SMART-CITY”នៅពេលអនាគតថែមទៀត។

ទន្ទឹមគ្នានឹងគម្រោងខាងលើរដ្ឋបាលខេត្តបាត់ដំបងក៏កំពុងបន្តរៀបចំជួសជុលកែលម្អអគារ រួមទាំងសាងសង់ផ្លូវសំខាន់ៗឡើងវិញជាច្រើនទៀតដែរដោយកំណត់ឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សក្នុងក្រុងទាំងអស់ចូលរួល រុះរេីស្លាកយីហោផ្សព្វផ្សាយ សំយ៉ាបផ្ទះផ្សេងៗក្នុងគោលបំណងត្រៀមទទួលយកគំរូប្លង់រួមមួយ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សនេះផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.