បាត់ដំបង÷ សំណុំរឿងជនជាតិអង់គ្លេសដែលដេកស្លាប់នៅក្នុងខេត្តបាត់ដំបង តំណាងអយ្យការចាត់ឲ្យមន្ត្រី និងកម្លាំងជំនាញចុះពិនិត្យស្រាវជ្រាវសារជាថ្មីឡើងវិញ។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះថា÷ សំណុំរឿងជនបរទេសជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះនៅក្នុងស្រុកសង្កែ ឯកឧត្តមបានចាត់ឲ្យមន្ត្រី និងកម្លាំងជំនាញពាក់ព័ន្ធទាំងអស់បើកការស្រាវជ្រាវឡើងវិញព្រោះជាករណីជនបរទេសដេកស្លាប់ដែលមិនអាចគ្រាន់តែធ្វើល្មមៗបានទេ ម៉្យាងទៀតគឺដើម្បីមានភាពរឹងមាំខាងផ្នែកផ្លូវច្បាប់ថែមទៀតផងដែរ។

ប្រភពក្រៅផ្លួវការមួយរបស់ប្រជាពលរដ្ឋបានបង្ហើបថា÷ សំណុំរឿងខាងលើមានភាពខុសពីប្រក្រតីខ្លះៗដូចជា ជនរងគ្រោះយកថង់ខ្មៅពាក់ស្រោបក្បាលរួចចងថង់ជិតដើម្បីឲ្យថប់ដង្ហើមស្លាប់ ដែលប្រការនេះអាចមិនសមហេតុផល ព្រោះមនុស្សកាលបើថប់ដង្ហើមហើយចាំបាច់ត្រូវតែរើបំរះរកសុវត្ថិភាព បើទោះបីជាជនរងគ្រោះមានបំណងធ្វើអត្តឃាតខ្លួនឯងក៏ដោយ។

ករណីបុរសជនបរទេសវ័យជាង ៣០ឆ្នាំ ដេកស្លាប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ក្រុមទី ០៨ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ Stock Jonathan អាយុ ៣៤ឆ្នាំ ជាជនជាតិអង់គ្លេសជាគ្រូបង្រៀន កាន់លិខិតឆ្លងដែនលេខ ៥៣៨៨៣៩១៩២ មានភរិយាជាជាតិខ្មែរម្នាក់មានឈ្មោះ វ៉ាន់ កញ្ចនា អាយុ ៣៩ឆ្នាំ រៀបអាពាហ៍ពិពាហ៍រយ:ពេលជិត ១០ឆ្នាំជាមួយគ្នា៕

អត្ថបទ៖ ដំបងក្រញូង

Share.