ក្នុង​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​ពានរង្វាន់ 2022 World Cup Qatar កីឡាករ​ Jose Gimenez របស់​អ៊ុយរុយហ្គាយ បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ទៅ​កាន់​លោក​អាជ្ញាកណ្ដាល Daniel Siebert ជនជាតិ​អាល្លឺម៉ង់ ស្រប​ពេល​ដែល​កីឡាករ​រូប​នេះ​ប្រឈម​មុខ​នឹង​ការ​ដាក់​​ទណ្ឌកម្ម​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)។

បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន insidethegames បាន​បញ្ជាក់​ថា​​កីឡាករ Jose Gimenez អាច​នឹង​ត្រូវ​ព្យូរឈ្មោះ ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ចំនួន ១៥ប្រកួត ​បន្ទាប់​ពី​ខ្សែ​ការពារ​រូបនេះ បាន​ប្រើកាយវិការមិនសមរម្យ ចំពោះ​ការ​មិន​ពេញ​ចិត្ត​លើ​ការ​កាត់​សេចក្តី​របស់​ក្រុម​មន្ត្រីអាជ្ញាកណ្តាល ខណៈ​ក្រុម​របស់​ខ្លួន​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល។

អត្ថបទពាក់ព័ន្ធ៖World Cup៖លើកដំបូងចាប់ពីឆ្នាំ១៩៩៨ ដែលក្រុមលេខ២លើលោកធ្លាប់ត្រឹមវគ្គជម្រុះក្នុងពូល

បើ​តាម​វីដេអូ​ឃ្លីប​មួយ​បាន​បង្ហាញ​លើ​Twitter កីឡាករ​បាន​បើ​កាយ​វិការ​មិន​សមរម្យ​ ដោយ​ព្យាយាម​តាម​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាកណ្តាល និង​ប្រើ​កាយវិការ​លើក​កែង​ដៃ ​ចំ​ក្បាល​លោក​ស្នងការ​ប្រកួត​របស់ FIFA ក្រោយ​បញ្ចប់​ការ​ប្រកួត​ ហើយ​ត្រូវ​បាន​គេ​ថត​ជាប់​ភ្លាមៗ​ ដោយ​អាច​ជា​បទល្មើស​​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​យ៉ាង​តិច ៤៣៤៣ ផោន ឬ​កើន​ឡើង ៤ដង ច្រើន​ជាង​នេះ​ទៀត។

សូម​បញ្ជាក់​ថា​កីឡាករ​ជា​ច្រើន របស់​អ៊ុយរុយហ្គាយ រួម​ទាំង​ខ្សែ​ការពារ​ មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​កាត់​សេចក្តីរបស់ក្រុមមន្ត្រីអាជ្ញាកណ្តាល ជា​ពិសេស​ត្រង់​ចំណុច​បដិសេធ​មិន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ អំឡុង​ពេល​​ប្រកួត​ជាមួយ​ហ្គាណា។

ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ធ្លាប់​ឈ្នះ​ពានរង្វាន់ FIFA World Cup មុន​គេ​គឺ​នៅ​ឆ្នាំ​១៩៣០ និង​ឈ្នះ​លើក​ទី២​នៅ​ឆ្នាំ​១៩៥០ ហើយ​ក្រុម​មក​ពី​អាមេរិកខាងត្បូង មួយ​នេះ​​ធ្លាប់​មាន​ប្រវត្តិ​ទទួល​កៅអី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup រហូត​ដល់​១៣​ដង​ម្នាក់​ឯង៕

ប្រែសម្រួល៖ សុន ភានុ

Share.