សិល្បៈ​ជាតិ​៖ ប៉ុន្មាន​ថ្ងៃ​នេះ​ប្រធាន​បទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​នោះ​គឺ​រឿង​បើកបរ​ក្នុង​សភាព​ស្រវឹង​ ហើយ​បុក​ម្ដាយ​និង​កូនតូច​បណ្ដាល​ឱ្យ​​ស្ថិត​ក្នុង​សភាពធ្ងន់​ធ្ងរ​។ យ៉ាង​ណា​មិញ​តារា​ស្រី​ នៅ ដាណា​ បាន​ចូល​រួម​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ និង ​ប្រាប់​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ផ្ដាច់​ស្រា​អស់​រយៈ​ពេល​ ៤​ឆ្នាំ​កន្លង​មក​នេះ​។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ ម្សិលមិញ​នេះ​ តារា​សម្ដែង​ស្រី​មាន​ឈ្មោះ​បោះ​សំឡេង​គួរ​សម​គឺ​កញ្ញា​ នៅ ដាណា បាន​ចេញ​មក​ចែក​រំលែក​ដល់​អ្នក​គាំទ្រ​និង​មិត្ត​ៗ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ពី​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ឈប់​ផឹក​គ្រឿង​ស្រវឹង​ ព្រោះ​ថា៖

១. ជា​ទូទៅ​ មិន​ថា​ខ្ញុំ​មិន​ថា​គេ​ ពេល​ស្រវឹង​ មិន​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ស្រវឹង​ ហើយ​នៅ​ព្រហើន​បើកបរ​ទាំង​ស្រវឹង​
២. ខុស​ច្បាប់​ចរាចរណ៍​
៣. ភាព​មិន​ទទួល​ខុស​ត្រូវ​ ថ្វីត្បិត​តែ​ខ្ញុំ​មិន​ដែល​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មិន​អី​នោះ​ទេ​ វា​អាច​មាន​ហានិភ័យ​ដែល​បង្ក​ការ​បំផ្លិចបំផ្លាញ​ដល់ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ របួស​ស្នាម​ដល់​អ្នក​ដទៃ​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​ជាង​នេះ​ទៅទៀត​​ គឺ​បំផ្លាញ​ជីវិត​អ្នក​ដទៃ​។ ហើយ​បើ​បើក​បរ​ទាំង​ស្រវឹង​ដោយ​មាន​មនុស្ស​ជិះ​ជាមួយ​ទៀត​ គឺ​ស្មើ​នឹង​អ្នក​ក៏​ឱ្យ​មនុស្ស​នោះ​មក​មាន​ហានិភ័យ​ជាមួយ​នឹង​អ្នក​
៤​. ខាតបង់​ថវិការ​
៥. ខូច​សុខភាព​
៦. ខាត​ពេលវេលា
៧. ស្រវឹង​ បង្ក​ជម្លោះ​

ចំណុច​ចុង​ក្រោយ​ដែល​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​នោះ​គឺ​កញ្ញា​ចង់​ចំណាយ​ពេល​វេលា​ និង​ថវិកា​ដែល​យក​ទៅ​ញ៉ាំ​គ្រឿង​ស្រវឹង​មក​ញ៉ាំ​របស់​ឆ្ងាញ់​និង​ដើរលេង​វិញ ​ការ​ដែល​តារា​ស្រី​រូប​នេះ​សម្រេច​ចិត្ត​ដូច្នេះ​ គេ​អាច​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា​ព្រោះ​កញ្ញា​​មិន​ចង់​ឱ្យ​​ប៉ះពាល់​ដល់​សុខ​ភាព​ និង​អាយុ​ជីវិត​របស់​ខ្លួន​ឯង​ ក៏​ដូច​ជា​អ្នក​ដទៃ​។

Share.