ប្លែក​ៗ​៖ សម្រាប់​អ្នកដែល​ចូលចិត្ត​ស្ដាប់​រឿង​រ៉ាវ​រន្ធត់​ៗ​ ពាក់ព័ន្ធ​នឹង​រឿង​វិញ្ញាណ​ឬ​ព្រលឹង ប្រាកដជាត្រូវ​ចិត្ត​ជាក់ជា​មិន​ខាន​ព្រោះ​រឿង​ដែល​យក​មក​ជម្រាបជូន​នា​ពេល​នេះ​គឺ​រឿង​និយាយ​ពី​ផ្ទះ​ខ្មោច​សណ្ឋិត​ដែល​ល្បីល្បាញ​ថា​លង​សាហាវ​ជា​ទីបំផុត​នៅ​ប្រទេស​អ៊ីតាលី​។

១.គេហដ្ឋាន​ពណ៌​ក្រហម​ នៃក្រុងឡុំបូឌៀ​ Lombardia

ឈ្មោះ​ពិត​របស់​ផ្ទះ​នេះ​គឺ​ផ្ទះ​របស់​ត្រកូល​ De Vecchi (ឌឺ ​វ៉េកឃី) កសាង​ឡើង​ក្នុង​សតវត្សរ៍ទី​១៩​ តាម​បញ្ជា​របស់​ លោក​ម្ចាស់​ ហ្វីឡិច ឌីវ៉េកឃី Felice De Vecchi ជា​ផ្ទះ​ពីរ​ជាន់​ មាន​បន្ទប់​ក្រោម​ដី​ ស្ថិត​ក្នុង​ខេត្ត​ Cortenova (ខត​តេណូវ៉ា) ជាប់​នឹង​បឹង​ទន្លេសាបខូម៉ូ Como។ ផ្ទះ​ពណ៌​ក្រហម​នេះ​បច្ចុប្បន្ន​ពណ៌​បាន​របក​ខ្លះ​ហើយ​ ធ្វើ​ឱ្យ​សភាព​ផ្ទះ​កាន់​តែ​មើល​កាន់​តែ​ស្រដៀង​នឹង​ស្នាម​របួស​ដែល​ដាច់​រលាត់​។ អ្នក​ខ្លះ​ហៅ​ផ្ទះ​នេះ​ថា​ «ផ្ទះ​មេមត់​» ​​ព្រោះ​ធ្លាប់​មាន​អ្នក​​កាន់​លទ្ធិ​សាតាន​បាន​សម្លឹង​ផ្ទះ​នេះ​ទុក​ចង់​យក​​ធ្វើ​ជា​កន្លែង​​ជួប​ប្រជុំ​គ្នា​សម្រាប់​ក្រុម​អ្នក​គោរព​បូជា​សាតាន​និង​មេធ្មប់​។ ទោះ​ជា​មិន​ទាន់​បាន​សម្រេច​ប៉ុន្តែ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​មាន​ការ​ជួប​ប្រជុំ​គ្នាជា​ញឹក​ញាប់​ និយាយ​ងាយ​ៗ​បាន​ថា​ ផ្ទះ​នេះ​ជា​ទីតាំង​ចួបជុំ​សម្រាប់​មនុស្ស​ដែល​និយម​​លទ្ធិ​សាតាន​និង​មន្ត​អាគមន៍​ខ្មៅ​។

យោងតាម​ការ​និទាន​តៗ​គ្នា​បាន​ឱ្យ​ដឹង​ថា​ ថ្ងៃ​មួយ​លោក​ម្ចាស់​ Count (ខោន) បាន​ចេញ​ទៅ​ដើរ​លេង​ ពេល​ត្រលប់​មក​វិញ​ស្រាប់​តែ​ប្រទះ​សព​ប្រពន្ធ​ត្រូវ​គេ​ធ្វើ​ឃាត​ ផ្ទៃ​មុខ​របស់​សព​ខូច​ខ្ទេចខ្ទី​មើល​មិន​យល់​ មិន​តែ​ប៉ុណ្ណោះ​កូន​ស្រី​ក៏​បាត់​ខ្លួន​សាបសូន្យ​ ព្រោះ​តែ​ហេតុ​នេះ​លោក​ម្ចាស់​ ខោន​ បាន​ប្រមូល​របស់​របរ​ចេញ​ពី​ភូមិ​គ្រឹះ​នោះ​ហើយ​មិន​ត្រលប់​ទៅវិញ​ទៀត​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​មិន​មាន​អបិយ​ជំនឿ​បាន​នាំ​គ្នា​ទៅ​ស៊ើប​អត្រានុកូលដ្ឋាន​ ហើយ​រក​ឃើញ​ថា​ លោកម្ចាស់​ខោន នៅ​លីវ មិនមាន​កូន​មិន​មាន​ប្រពន្ធ​នោះ​ឡើយ​។

ប៉ុន្តែ​ក្រុម​អ្នក​មាន​ជំនឿ​បាន​ប្រាប់​ថា​ធ្លាប់​បាន​ឮ​សំឡេង​មនុស្ស​ស្រីស្រែក​យំ​ដង្ហោយ​ចេញ​ពី​ផ្ទះ​នោះ​ ជា​ពិសេស​នៅ​វេលា​ដែល​ពេល​ថ្ងៃ​មាន​វេលា​យូរជាង​ពេល​យប់​។ អ្នក​ដែល​មើល​ថែ​ផ្ទះ​នោះ​បាន​ចេញ​មក​ប្រាប់​ថា​ មិន​ពិត​នោះ​ទេ ផ្ទះ​មួយ​ខ្នង​នេះ​មិន​មាន​ស្អី​នោះ​ទេ​ បើ​មាន​ខ្មោច​មែន​គឺ​ខ្មោច​គាត់​នេះ​ហើយ​ដែល​ចេញ​មក​លង​ដើម្បី​បន្លាច​មនុស្ស​ដែល​ចូលមក​រញ៉េរញ៉ៃ​ក្នុង​ផ្ទះ​។

យ៉ាង​ណា​មិញ​រឿង​ដែល​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​​ផ្ទះ​នេះ​ល្បីល្បាញ​និង​ស័ក្ដិសិទ្ធិ​​នោះ​គឺ​ កាល​ពី​មិន​​ប៉ុន្មាន​ឆ្នាំមុន​នេះ​​ មាន​ហេតុ​ការណ៍​រញ្ជួយ​ផែនដី​ បណ្ដាល​ឱ្យ​មាន​ការ​ខូច​ខាត​ខ្លាំង​នៅ​តំបន់​ៗ​នោះ​​និង​តំបន់​ជិត​ៗ​នោះ​​ ប៉ុន្តែ​​ផ្ទះ​ខ្មោច​នេះ​បែរ​ជា​មិន​មាន​ខូចខាត​អ្វី​​សូម្បី​បន្តិច​។

២.គេហដ្ឋាន ដារីអូ នៅ​ក្រុង​វេនីស (Canal Grande)

ផ្ទះ​មួយ​ខ្នង​នេះ​កសាង​ឡើង​នៅ​សតវត្សរ៍ទី​១៥ ជា​យុគ​សម័យ​ដែល​ទីក្រុង​នេះ​កំពុង​តែ​រុងរឿង​បំផុត​។ ផ្ទះ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​អូ​រ​ ខាណាល់​ គ្រេន Canal Grande  ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​កំពង់​ទូកជីខ្លីអូ​ Giglio។ បើ​និយាយ​ពី​ភាព​ស្រស់​ស្អាត​មិនចាំ​បាច់​និយាយ​នោះ​ទេ​  ព្រោះ​គ្រាន់​​តែ​មើល​តាម​រូប​ភាព​អាច​និយាយ​បាន​ថា​ស្អាត​ដូច​ផុស​ចេញ​ពី​ក្នុង​គំនូរ​។ ផ្ទះ​នេះ​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា​ជា​ផ្ទះ​ត្រូវ​បណ្ដាសារ​ ព្រោះ​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នេះ​រមែង​មិន​ស្លាប់​ដោយ​ស្រួល​ៗ​នោះ​ឡើយ​។

បើ​និយាយ​ចាប់​តាំង​កសាង​ភ្លាម​ កូន​ស្រី​ម្ចាស់​ផ្ទះ​ស្រាប់​តែ​សម្លាប់​ខ្លួន​ព្រោះ​តែ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្ដី ហើយ​ក្រោយ​មក​ទៀត​​ប្ដី​ក៏​ស្លាប់​តៃហោង​តាម​ បន្ទាប់​ពី​នោះ​មក​ម្ចាស់​ផ្ទះ​ក្រោយ​ៗ​មក​ទៀត​ ក៏​មាន​ហេតុ​ការណ៍​ត្រូវ​ស្លាប់​ជា​បន្ត​បន្ទាប់​ ដូច្នេះ​អ្នក​ដែល​ធ្វើ​ដំណើរ​កាត់​ផ្ទះ​នេះ​រមែង​ព្រឺ​សំបុរ​ ប៉ះរោម​គ្រប់​ៗ​គ្នា​។

View of the Grand Canal from Rialto to Ca’Foscari

ដូច​គ្នា​នឹង​ផ្ទះ​ខ្មោច​លង​ឬ​ផ្ទះ​ត្រូវ​បណ្ដាសារ​ជា​ច្រើន​កន្លែង​ គ្រប់​យ៉ាង​ដែល​កើត​ឡើង​រមែង​មាន​​ដើម​ហេតុ​។ រឿង​ហេតុ​ដែល​បង្ក​ឱ្យ​មាន​ជា​ដំណឹង​យ៉ាង​គគ្រឹក​គគ្រេង​​នោះ​កើត​​ឡើង​ ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៧០​ លោកម្ចាស់​ Count ម្នាក់​ត្រូវ​បាន​សាហាយ​ប្រុស​របស់​ខ្លួន​ធ្វើ​ឃាត​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​នេះ​។ រឿង​ហេតុ​អាស្រូវ​ស្អុយ​គគ្រុក​នេះ​មិន​សូវ​ជា​កើត​មាន​ឡើយ​នៅ​ក្នុង​ទីក្រុង​វេនីស ដែល​ជា​ទីកន្លែងត្រូវ​បាន​ចាត់​ទុក​ថា​រ៉ូមែន​ទិក​ ដូច្នេះ​ទើប​រឿង​នេះ​​បាន​ក្លាយ​ជា​រឿង​ដែល​អ្នកស្រុក​វេនីស​លើកយក​មក​និយាយ​យ៉ាង​សប្បាយ​មាត់​។

ប៉ុន្តែ​បើ​តាម​អ្នក​សិក្សា​បាន​ចេញ​មក​បង្ហាញ​ថា​គ្រប់​យ៉ាង​ដែល​ឮ​ពាក់​ព័ន្ធ​នឹង​ផ្ទះ​នេះ​ស្ទើ​តែ​គ្មាន​អ្វី​ដែល​ជា​ការ​ពិត​នោះ​ឡើយ​ ព្រោះ​ឪពុកម្ដាយ​កូន​ដែល​ជា​ដើម​ហេតុ​នោះ ថ្វី​ត្បិត​តែ​មាន​ពិត​មែន តែ​ការ​ស្លាប់​ពិត​ប្រាកដ​គឺ​ម្ដាយ​ឈឺស្លាប់​​ឪពុក​ក៏ឈឺ​ស្លាប់ ចំណែក​កូន​ដែ​ល​ព័ត៌មាន​លើក​ឡើង​ថា​ស្លាប់​ក្នុង​សង្គ្រាម​នោះ​ ក៏​មិន​ពិត​នោះ​ដេរ​ តែ​ជា​កូន​ដែល​មាន​នាម​ត្រកូល​ដូច​គ្នា​ មែនទែន​ទៅ​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​ម្ចាស់​អស់​ជា​ច្រើន​នាក់​ ដែល​ម្ចាស់​ថ្មី​មាន​ទាំង​អ្នក​នៅ​ក្នុង​ត្រកូល​និង​អ្នក​ត្រកូល​ផ្សេង​​ ហើយ​ក៏​មាន​ម្ចាស់​ជា​ជាតិ​សាសន៍​ផ្សេង​ដែរ​ តែ​មិនធ្លាប់​មាន​នរណា​ម្នាក់​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​នេះ​នោះ​ឡើយ​។

៣.គេហដ្ឋាន​​ម៉ាញ់ណូនី នៅ​ខេត្ត​ហ្វឺរ៉ារ៉ា (Magnoni, Ferrara)

ផ្ទះ​នេះ​ស្ថិត​នៅ​ខេត្ត​ ខូណា (Cona) ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ខេត្ត​ ហ្វឺរ៉ារ៉ា​ មិន​ប៉ុន្មាន​គីឡូ​នោះ​ឡើយ​។ ផ្ទះ​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ផ្ទះ​ខ្មោច​សណ្ឋិត​ក្នុង​អំឡុង​គ.ស ១៩៨០​ អ្នក​ដែល​បង្កើត​ឱ្យ​មាន​សាច់​រឿង​នេះ​ឡើង​ ការពិត​ទៅ​អាច​ហៅ​ថា​ក្មេង​មួយ​ក្រុម​សម​ជាង​ ពួក​ក្មេង​ទាំង​នេះ​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល​មួយ​នេះ​ ហើយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​ក្រុម​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​ ហើយ​បាន​និយាយ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​យប់​នោះ​ឱ្យ​គ្រប់​គ្នា​ស្ដាប់​។

ខណៈ​ដែល​ពួក​គេ​កំពុង​តែ​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះបង់​ចោល​យ៉ាង​ក្លៀវក្លា​នោះ​ ស្រាប់​តែ​ខ្សែភ្នែក​ពួក​គេ​មើល​ឃើញ​ភ្នែក​ដែល​ពោរពេញ​ដោយ​កំហឹង​មួយ​គូ​សម្លឹង​ចេញ​មក​តាម​បង្អួច​ពី​ក្នុង​ផ្ទះ​ជាន់​លើ​ហើយ​ចង្អុល​មក​ពួក​គេ​ព្រម​ទាំងស្រែក​សន្ធាប់​បណ្ដេញ​ពួក​ញេ​ រហូត​ពួក​គេ​ភ័យ​ខ្លាច​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​សឹង​មិន​ទាន់​ ហើយ​ក៏​ជួបនឹង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​។

បន្ទាប់​ពី​ក្មេង​ប្រុស​នោះ​ប្រាប់រឿង​ដែល​ខ្លួន​ជួប​​ ស្រាប់​តែ​ទ្វារ​បង្អួច​ទាំង​អស់​ត្រូវ​បាន​បិទជិត​ តែ​ក្រោយ​ពី​នោះ​មិន​យូរ​ប៉ុន្មាន​មាន​បង្អួច​មួយ​បើក​ឡើង​វិញ​ ​ដោយ​គ្មាន​អ្នក​ណា​អាច​រក​ពាក្យ​អ្វី​មួយ​អត្ថាធិប្បាយចំពោះ​រឿង​នេះ​​បាន​។ ទ្វារ​បង្អួច​ដែល​បើក​នោះ​គឺជា​បង្អួចតែ​មួយ​ដូច​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​​តំណាល​ប្រាប់​គេ​ ​។

ផ្ទះ​នោះ​ត្រូវ​បាន​គេ​ទុក​ចោល ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ថា​ម្ចាស់​បច្ចុប្បន្ន​គឺជា​អ្នក​ណា​ដែរ​ មាន​អ្នក​តាម​ប្រម៉ាញ់​ខ្មោច​ជា​ច្រើន​ដែល​លួច​​ចូល​ទៅ​ក្នុង​ផ្ទះនោះ​​ ដោយ​ភាគ​ច្រើន​អ្វី​ដែល​និយាយ​តៗ​គ្នា​ពាក់​ព័ន្ធ​នឹង​ផ្ទះ​នោះ​គឺ​រឿង​ឮ​​សំឡេង​មនុស្សស្រី​ស្រែក​និង​សំឡេង​ក្មេង​យំ​ ចំណែក​អ្វី​ដែល​លើស​ពី​នេះ​គឺ​​មើល​ឃើញ​ស្រមោល​ខ្មៅ​​ស្ទង់​ៗ​ចេញ​ពី​បង្អួច​ជាន់​ពីរ​ ដែល​ជា​បង្អួច​ដែល​គេ​​តែង​តែ​និយាយ​តៗ​គ្នា​នោះ​ឯង​។

៤.ប្រាសាទ​ម៉ុនតេបេលឡូ​ ខេត្ត​ រីមិនី​ (Castello di Montebello, Rimini)

រីមិនី​ មិន​ត្រឹម​តែ​មាន​ឆ្នេរ​ខ្សាច់​ស្ថិត​នៅ​ក្រុងប៉ត​ជីអូ ខេត្ត​ត័ររៀនណាទេ ប៉ុន្តែ​នៅ​មាន​ប្រាសា​ទ​បុរាណ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ឱ្យ​ថា​ផ្ទះ​ខ្មោច​សណ្ឋិត​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​មួយ​របស់​ប្រទេស​អ៊ីតាលី​។ តាម​តំណាល​តៗ​គ្នា​បាន​និយាយ​ដល់​នាង​តូច អាត់ហ្សូរីណា​(Azzurrina) ដែល​កូន​ស្រី​របស់ អូ​កុតឆូណេ ដិ ម៉ុនតេប៊េល​ឡូ​។

ក្មេង​តូច​នេះ​កើត​ក្រោយ​គ​.សទី​១៤ ក្មេង​នេះ​កើត​មក​ជាមួយ​នឹង​សំបុរ​ភឿក​ ដែល​នៅ​ក្នុងសម័យ​នោះ​ចាត់​ទុក​ថា​ជា​បិសាច​ ជា​មនុស្ស​ចង្រៃ​ ដូច្នេះ​ឪពុក​ចាំ​បាច់​ត្រូវ​តែ​ឃុំឃាំង​កូន​ខ្លួន​​ឯង​ឱ្យ​នៅ​តែ​ក្នុង​ប្រាសាទ​ដោយ​មាន​អ្នក​យាម​២​នាក់​ ថ្ងៃ​មួយ​ក្មេង​តូច​លេង​កូន​បាល់​ ហើយ​កូន​បាល់​រមៀល​ជ្រុះ​ចូល​ទៅ​ក្នុង​បន្ទប់​ក្រោម​ដី​ នាង​តូច​នោះ​បាន​រត់​ចុះ​ទៅ​តាម​រើស​ ចុះ​ទៅ​មិន​យូរ​ប៉ុន្មាន​អ្នក​យាម​ទាំង​ពីរ​បាន​ឮ​សំឡេង​របស់​ក្មេង​តូច​នោះ​ស្រែក តែ​នៅពេល​អ្នក​យាម​រត់​ចុះ​ទៅរក​ក៏​មិន​មាន​ឃើញ​អ្វី មិន​ឃើញ​អ្នក​ណាម្នាក់ សូម្បី​តែ​អាត់​ហ្សូរីណា​ក៏​មិន​ឃើញ​។

ថ្វី​ត្បិត​រក​សព​ក្មេង​តូច​មិន​ឃើញ​តែ​វិញ្ញាណ​របស់​នាង​ហាក់​ដូច​ជា​នៅវិលវល់​ក្នុង​បរិវេណ​ប្រាសាទ​នេះ​ ព្រោះ​រាល់​​៥​ឆ្នាំ​ម្ដង​ ដល់​ថ្ងៃ​ដែល​នាង​បាត់​ខ្លួន​ដោយ​អាថ៌​កំបាំង​នោះ​ នាង​នឹង​បង្ហាញ​ខ្លួនឱ្យ​គេ​ឃើញ​ សព្វថ្ងៃ​នេះ​ប្រាសាទ​នេះ​នៅ​បើក​ដំណើរ​ការ​ឱ្យ​មនុស្ស​ទិញសំបុត្រចូល​ទស្សនា​ដដែល​។

៥.វិមាន វ៉ាលាមេលានី នៃ​ខេត្ត​អាន់​ខូណា (Castle Serra San Quirico)

គេហដ្ឋាន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កន្លែង​ខ្មោច​លង​សាហាវ​ជា​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​នៃក្រុង​​ ស៊ឺរ៉ា​ សាន គ្វីរីកូ (Serra San Quirico) នៃ​ខេត្ត​អាំងខូណា​។ ដំណើរ​ដើម​ទង​នៃ​សាច់​រឿង​ខ្មោច​លង​នេះ​កើត​ឡើង​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​ មាន​ពាក្យ​តំណាល​តៗ​គ្នា​ថា​ ថ្ងៃ​មួយ​ក្នុង​សម័យ​សង្គ្រាម​​ផ្ទះ​មួយ​ខ្នង​នេះ​មាន​រៀប​ចំ​ពិធី​ជប់​លាង​តូច​មួយ​ ស្រាប់​តែ​ពេល​នោះ​ទាហាន​ណាស៊ីស​អាល្លឺម៉ង់​បាន​សំរុក​ចូល​មក​ហើយ​បាញ់​សម្លាប់​មនុស្ស​ដែល​នៅ​ទីនោះ​អស់​ប្រមាណ​ជា​២០​នាក់​។ មុន​ស្លាប់​លោក​ម្ចាស់​ខោន​បាន​មាន​វាចា​ថា​លោក​ម្ចាស់​នឹង​សណ្ឋិត​នៅ​ទីនេះ​ដើម្បី​ថែរក្សា​ការពារ​ផ្ទះ​មិន​ឱ្យ​មាន​នរណា​ចូល​មកញ៉ាំញី​ជាដាច់​ខាត​។

ក្រោយ​មានកើត​ហេតុការណ៍​នោះ​ ផ្ទះ​ដ៏​ស្អាត​មួយ​ខ្នង​នេះ​ចាប់​ផ្ដើម​ល្បី​រន្ទឺ​រឿង​ខ្មោច​លង​ដូច​ជា​មាន​ឮ​សំឡេង​ស្រែក​ជា​ដើម​។ ប៉ុន្តែ​ហេតុការណ៍​ដែល​ល្បីល្បាញ​ពាក់ព័ន្ធ​នឹង​ផ្ទះ​នេះ​កើត​ឡើង​នៅ​ឆ្នាំ​១៩៧០​ គឺ​នៅពេល​​មាន​គូ​ស្នេហ៍​មួយ​គូ​នាំ​គ្នា​មក​ថត​វីដេអូ​ Pre-Wedding នៅទីនោះ​ ពេល​ថត​គ្រប់​យ៉ាង​ធម្មតា​ តែ​ពេល​ត្រលប់​មក​វិញ​រូប​ភាព​ទាំង​អស់​ប្រែជា​ពណ៌​ខ្មៅ​ ហើយ​មាន​សំឡេង​ Background ជា​សំឡេង​លេង​វីយូឡុង​ក្នុង​ពិធីជប់​លាង​ទៅ​វិញ​។​

រឿង​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការចងចាំ​ទាក់ទង​នឹង​ផ្ទះ​នេះ​ដែរ​គឺ​កើត​ឡើង​នៅ​ឆ្នាំ​១៩៨០​ មាន​ក្មេង​ស្រី​ម្នាក់​បាន​ចូល​ទៅ​ដើរ​លេង​នៅ​ទីនោះ​រួច​ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​បន្ទាប់​មក​នាង​បាន​ឃើញ​រូប​កូន​កម្លោះ​កូន​ក្រមុំ​មួយ​គូ​មើល​ទៅ​ស្អាត​នាង​ក៏​យក​ត្រលប់​មក​ផ្ទះជាមួយ​ យប់​នោះ​នាង​សុបិនអាក្រក់មួយ​យប់​ មើល​ឃើញមនុស្ស​ស្រី​ម្នាក់​មក​ខ្សឹប​ឱ្យ​នាង​យក​រូប​ថត​ទៅ​សង​ នាង​ភ័យ​ស្រែក​រហូត​ភ្ញាក់​ទាំង​ខ្លួន ពេល​ភ្ញាក់ដឹង​ខ្លួន​ឃើញ​ម្ដាយ​នាង​មាន​ទឹក​មុខ​ស្លេក​ស្លាំង​នៅ​មាត់​ទ្វារ​ហើយ​ប្រាប់​នាង​ថា​បាន​ឮ​សំឡេង​នាង​ស្រែក​ ប៉ុន្តែ​នៅពេល​ចូលមក​មើល​កូន​ស្រាប់​តែ​ឃើញ​មនុស្សស្រី​ស្លៀក​ឈុត​ស​ខ្សឹប​ដាក់​ត្រចៀក​កូន​ស្រី​ រួច​ក៏​រលាយ​បាត់​ទៅ​។ បន្តបន្ទាប់​មក​ទៀត​អ្នក​ស្រុក​ដែល​រស់​នៅ​ម្ដុំ​នោះ​បាន​ហៅ​មាត់​ជ្រោះ​ដែល​ស្ថិត​នៅ​ទីនោះ​ថា​ មាត់ជ្រោះ​បិសាច​៕

ប្រភព៖ The Cloud

Share.