លោក Igor Zhelezovsky អ្នក​ជិះ​ស្គី​ប្រណាំង ​​​ដែល​​ធ្លាប់​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​ក្នុង​ទសវត្ស​ទី៨០​និង​៩០ ជនជាតិ​បេឡារូស ​បាន​ទទួល​មរណភាព ក្នុង​វ័យ​៥៧​ឆ្នាំ ដោយ​សារ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​​អាទិត្យ ទី១២​ខែមិថុនា ឆ្នាំ​២០២១ ថ្មីៗនេះ។ នេះ​បើ​តាម​កា​ចេញ​ផ្សាយ​របស់​សារព័ត៌មាន rsport។

លោក​បាន​សាងស្នាដៃ​ជា​ច្រើន​ជំនាន់​សម័យ​សហភាព​សូវៀត លើ​វិញ្ញាសា​​ប្រណាំង​ស្គី ផ្នែក​បុរស ពោល​គឺ​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក World Sprint រហូត​ដល់​ទៅ​៦លើក​គឺ​នៅ​ឆ្នាំ​១៩៨៥, ១៩៨៦, ១៩៨៩ និង​១៩៩១ ក្នុង​នាម​ជា​សហភាព​សូវៀត ហើយ​នៅ​ឆ្នាំ​១៩៩២ ក្នុង​នាម​ជា​សហ​ធន​រដ្ឋ​ឯករាជ្យ ដែល​ទើប​បំបែក​ពី​សូវៀត និង​ឆ្នាំ​​១៩៩៣ ឈ្នះ​ក្នុង​នាម​ជា​ពលរដ្ឋ​បេឡារូស។

លោក​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​អូឡាំពិក​ឆ្នាំ​១៩៩៤ វិញ្ញាសា​១០០០ម៉ែត្រ និង​ឈ្នះ​មេដាយ​សំរឹទ្ធិ​ឆ្នាំ​១៩៨៨ ព្រម​ទាំង​ធ្លាប់​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​១៩៩១,១៩៩២,១៩៩៣ សុទ្ធ​សឹង​ជា​មេដាយ​មាស​ផង​ដែរ។

បុរស​កម្ពស់​១.៨៣ម៉ែត្រ​រូប​នេះ​ធ្លាប់​ជា​​ប្រធាន​សហព័ន្ធ​កីឡា​ជិះ​ស្គី​របស់​បេឡារុស ចន្លោះ​ឆ្នាំ​១៩៩៦​ដល់​២០០៥ មុន​លោក​សម្រេច​ចិត្ត​ចូល​និវត្តន៍ ខណៈ​លោក​ក៏​ជា​សមាជិក​របស់​សហព័ន្ធ​​កីឡា​ជិះ​ស្គី​អន្តរជាតិ​ផង​ដែរ៕

Telegram-Troryorng
Share.